ខេត្តបាត់ដំបង៖ បុរសជនជាតិចិនវ័យក្មេងម្នាក់ បានចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យស៊េីបអង្កេត និងអុវត្តនីតិវិធីការងារអន្តោប្រវេសន៍ ឃាត់ខ្លួននៅខេត្តបាត់ដំបង យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី អេង ដាញ់ប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ លោកវរសេនីយ៍ឯក គង់ផុនដា នាយការិយាល័យស៊េីបអង្កេតនិងអុវត្តនីតិវិធីដឹកនាំកម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន ជាអធិការ កាលពីថ្ងៃទី២៨ ខែកញ្ញាម្សិលមិញនេះ បានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ ឆាង អ៉ិលីង (CHHAN YI LIN) ភេទប្រុស អាយុ ១៨ឆ្នាំ មិនមានលិខិតឆ្លងដែនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីសាកសួរ ខណៈជនជាតិចិននេះមានវត្តមានក្នុងខេត្តបាត់ដំបង ។
ក្រោយពេលសមត្ថកិច្ចជំនាញ សាកសួរជនជាតិចិនខាងលើ ឆ្លេីយបំភ្លឺថាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២២ បានលួចឆ្លងដែនខុសច្បាប់ដោយបានជិះរថយន្តឈ្នួល ពីប្រទេសចិន មកប្រទេសវៀតណាម តាមរយៈក្រុមហ៊ុនឈ្មោះ WANG HANÀ YU XIANG និងបន្តចូលមកព្រះរាជាណាចក្រកម្ពុជា ស្នាក់នៅ ក្រុងភ្នំពេញ ហេីយបន្តស្នាក់នៅខេត្តពោធិ៍សាត់មួយរយៈ ។
លុះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនខាងលេី បានបញ្ជូនចូលទៅក្រុងប៉ោយប៉ែតតាមរយៈរថយន្តតាក់ស៊ី មកដល់កន្លែងលក់បាយមួយកន្លែង នៅក្នុងក្រុងបាត់ដំបង រូបគាត់បានរត់គេចពីទីនោះ ។ រហូតដល់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនធ្វើការសាកសួរ ជនបរទេសខាងលើបានទទួលស្គាល់ថា រូបខ្លួនពិតជាបានលួចឆ្លងដែននិងស្នាក់នៅខុសច្បាប់ ពិតប្រាកដមែន ។
បច្ចុប្បន្នជនជាតិចិនរូបនេះ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះសមត្ថកិច្ចបានបញ្ជូនខ្លួនទៅអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី