ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងលោកស្រី នៅថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនយោធិន គ្រួសារយោធិន និងកូន របស់វរសេនាតូច វិស្វកម្ម – កាំភ្លើងធំ – រថក្រោះរថពាសដែកលេខ៦៧ ដែលជួបការលំបាកខ្វះខាត ចំនួន ៤២គ្រួសារ កូន ចំនួន ២៧នាក់ នៅទីបញ្ជាការវរសេនាតូចវិស្វកម្ម។
ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តាំផ្ញើដល់យោធិន និងគ្រួសារយោធិនទាំងអស់ នៅក្នុងរដូវវស្សាដែលមានទឹកជំនន់កំពុងតែហក់ឡើងខ្លាំងនៅពេលនេះ សូមប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ម្យ៉ាងវិញទៀតត្រូវរៀនរស់សម្របខ្លួនទៅតាមការបម្រែបម្រួលនៃអាកាសធាតុ និងប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម។
លោកឧត្តមសេនីយ៍ឯក ក៏បានអរគុណដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង របស់វរសេនាតូច ទាំង៣ ដែលបានខិតខំយកចិត្តទុកដាក់អំពីបញ្ហាសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបានផ្សព្វផ្សាយនូវវិធានការការពារខ្លួននៅពេលមានទឹកជំនន់ ដើម្បីចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានបន្តទៀតថា កន្លងមកនៅក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ ដែលទទួលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវជំរុញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានគ្រប់ៗគ្នា ដើម្បីជារនាំងការពារពីការឆ្លងជំងឺកូវីដ-១៩ ខណៈមេរោគនេះ កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជារបស់យើង។
សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និង ថវិកា ៥០.០០០រៀល កូនៗក្នុងម្នាក់ ទទួលបាន ឯកសណ្ឋានសិស្ស ១កំប្លេរ កាបូបសិស្ស ១ សៀវភៅ ៥ក្បាល ប៊ិច ២ដើម ខ្មៅដៃ ២ដើម ជ័រលុប ១ បន្ទាត់ ១ និងថវិកា ៥.០០០រៀល ផងដែរ៕ ដោយ៖សហការី