ភ្នំពេញ : សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការ កោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បី មនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ និងសូមកោតសរសើរចំពោះកាកបាទក្រហម កម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាព គាំទ្រប្រកបដោយមនុស្សធម៌និងសាមគ្គីធម៌ចំពោះមនុស្សចាស់នៅតាមសហគមន៍នានា។ ជាមួយគ្នានេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដល់ស្ថានីយវិទ្យុនិងទូរទស្សន៍បាយ័ន ដែលបានបង្កើតកម្មវិធីផ្ទះ ទេវតាដើម្បីជួយសាងសង់ផ្ទះជូនជនចាស់ជរាក្រីក្រគ្មានទីពឹងបានស្នាក់នៅសមរម្យរាប់រយខ្នងនាពេលកន្លងមក។
អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេសជួយមនុស្សចាស់ជរា គឺប្រៀបដូចជាការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អប្រពៃដែលបានធ្វើចំពោះមនុស្សជំនាន់មុនគឺពិតជាបាន បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រនិងត្រងត្រាប់តាម ដែលយើងនឹងបានទទួលនូវភាពកក់ក្ត ពោរពេញដោយក្តីសង្ឃឹមនិងជឿជាក់ថា កូនចៅជំនាន់ក្រោយនឹងជួយទំនុកបម្រុងបានល្អដូចដែលយើងបាន ទំនុកបម្រុងដល់មនុស្សចាស់ជំនាន់មុនដែរ។
ក្នុងស្មារតីនិងអត្ថន័យដូចបានគូសបញ្ជាក់ខាងលើ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ មនុស្សវ័យចាស់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការអំពាវនាវដូចតទៅ៖
១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបង្កើនការយកចិត្តទុកដាក់និងគាំទ តាមគ្រប់មធ្យោបាយដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង។
២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយនៅពេលចុះបំពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខនិងជួយឧបត្ថម្ភ ដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍។
៣- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គការនានា សូមជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមជំរុញសកម្មភាពបង្កើត ជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញ ទៅមករវាងមនុស្សចាស់ទូទៅនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការ មនុស្សចាស់ជរា មានជំងឺ និងមនុស្សចាស់ជរាក្រីក្រគ្មានទីពឹង។
៤- កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុនិងទូរទស្សន៍ ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែន រដ្ឋាភិបាលជាតិនិងអន្តរជាតិនានា សូមបន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារៈ ថវិកា បច្ចេកទេសសម្រាប់ផ្ដល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលបាននិងកំពុងជួបប្រទះ ការលំបាក ទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាល ជំងឺកូវីដ-១៩។
៥- សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សូមបន្តយកចិត្តទុកដាក់ ផ្តល់ការអប់រំសីលធម៌និងទំនៀមទម្លាប់ល្អៗដល់សិស្ស និស្សិតគ្រប់រូបឱ្យចេះគោរពព្រឹទ្ធាចារ្យនិងចេះថែទាំ មនុស្សចាស់ ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិខ្មែរយើង។
៦- គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើង ជាពិសេសត្រូវអប់រំកូនចៅនិងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរព ព្រឹទ្ធាចារ្យ។
៧- គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ លោកយាយ លោកតា មាតា បិតា អាណាព្យាបាល ត្រូវអប់រំ ណែនាំកូនចៅ កុំទៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងត្រូវរក្សាគម្លាត សុខភាព អនាម័យ លាងដៃនឹងទឹកសាប៊ូឬទឹកអាកុលឱ្យបានញឹកញាប់ អនុវត្តតាមការណែនាំស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក ជាពិសេសអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលន ព្រះរាជាណាចក្រកម្ពុជា «៣ការពារ ៣កុំ និង២ចូលរួម» ជាប្រចាំ។
៨- សូមជនរួមជាតិយើងទាំងអស់ មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក គ្មានទីពឹង ឱ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ ដោយអាចកសាងជាមណ្ឌលមនុស្សចាស់ ជាពិសេសនៅទីវត្តអារាម វិហារសាសនាដែលអាចជួយផ្ដល់ជាទីជម្រកឬអាហារទៅតាមលទ្ធភាពដែលអាចធ្វើបាន។
៩- គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មាន សូមជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវស្នាដៃនិងសមិទ្ធផលនានាដែលមនុស្សវ័យចាស់បានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល និងផ្សព្វផ្សាយសកម្មភាពនានាដែលបង្ហាញអំពីការយកចិត្តទុកដាក់និង លើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់នៅក្នុងសង្គមកម្ពុជាយើង ៕
ដោយ : សុខ ខេមរា