ខេត្តកំពង់ឆ្នាំង ៖ លោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងថាក្នុងនាមជាកងទ័ព ត្រូវយល់ឲ្យច្បាស់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ព្រមទាំងខិតខំបំពេញឲ្យអស់ពីសមត្ថភាព ដើម្បីឈានទៅសម្រេចតាមផែនការដែលថ្នាក់លើបានប្រគល់ឲ្យ ។
លោកមេបញ្ជាការរង មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល លោកបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែតុលា និងទិសដៅអនុវត្តបន្ត របស់អង្គភាព នៅព្រឹកថ្ងៃអង្គារ៍ ទី០៤ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដោយមានអញ្ជើញចូលរួមពី លោកនាយសេនាធិការរង លោកនាយ នាយរង ការិយាល័យ ផ្នែកចំណុះ ទាំងអស់ផងដែរ ។
លោកមេបញ្ជាការរង បានលើកឡើងថា ក្នុងការិយាល័យមួយ ត្រូវមានតួនាទីធ្វើអ្វីខ្លះ ភារកិច្ចអ្វីខ្លះ ដូច្នេះនាយការិយាល័យ ក្នុងនាមជាអ្នកទទួលខុសត្រូវ និងដឹកនាំរួម ត្រូវបែងចែកការងារឲ្យបានច្បាស់ដល់នាយរងម្នាក់ៗ ហើយនាយរងត្រូវចាត់តាំងជំនួយការណាទទួលខុសត្រូវលើការងារណា ទៅតាមឋានានុក្រមរបស់អង្គភាពខ្លួន និងត្រូវមានការប្រជុំត្រួតពិនិត្យការងារ ភារកិច្ច ដែលបានបែងចែក ។ ដែលនេះគឺជារបៀបរបបធ្វើការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ តាមផែនការ និងបទបញ្ជាដែលថ្នាក់លើបានប្រគល់ឲ្យ ។
លោកមេបញ្ជាការរង បានបញ្ជាក់ថាការយល់ច្បាស់អំពីតួនាទីភារកិច្ចរៀងៗខ្លួន និងការចេះសាមគ្គីផ្ទៃក្នុងអង្គភាព គឺជាផ្លូវទៅកាន់ភាពជោគជ័យ និងរីកចម្រើនទាំងបុគ្គល និងអង្គភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក លោកតែងតែលើកឡើងថា “ការចេះសាមគ្គីភាពផ្ទៃក្នុង គឺជារឿងសំខាន់បំផុតរបស់អង្គភាពនីមួយៗ” ។
ចុងបញ្ចប់ លោកមេបញ្ជាការរង នាយសេនាធិការ បានក្រើនរំលឹកដល់គ្រប់បណ្តាការិយាល័យផ្នែកចំណុះ ត្រូវពង្រឹងវិន័យការងារ ទាំងការងារស្នូល ការងារប្រចាំការប្រចាំបញ្ជា ជាពិសេសកម្លាំងត្រៀមសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដើម្បីសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ នៅពេលមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ៕
ដោយ : សហការី