អភិបាលខេត្តកំពង់ធំ ជម្រុញ​ឲ្យអាជ្ញាធរស្រុកបន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ

ចែករំលែក៖

(កំពង់ធំ)÷ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជម្រុញឲ្យអាជ្ញាធរស្រុក បន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែល​លិច​លង់ដោយសារទឹកជំនន់ មករកទីទួលមានសុវត្ថិភាព ឱ្យបានទាន់ពេលវេលា ។

ការថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន ១៣៣គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកប្រាសាទសំបូរ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

លោក​ បន្ថែមទៀតថា បច្ចុប្បន្ននេះស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំរបស់យើងនៅមិនទាន់មានការថមថយនៅឡើយនោះទេ ដែលបានបង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះសម្បែង ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ពិបាកក្នុងការធ្វើដំណើរ និងការប្រកបមុខរបរប្រចាំថ្ងៃ ។ ហើយអំណោយដែលត្រូវចែកជូននៅពេលនេះ បានមកពី ក្រុមចលនាស្ត្រីស្រុកប្រាសាទសំបូរ និងក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ខ្លាំង មានជីវភាពលំបាក ជាងគេ ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់។

ទន្ទឹមនឹងនោះលោក អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ការពារខ្លួនកុំឱ្យមានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។

ទន្ទឹមនិងនោះលោក ងួន រតនៈ បានថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី ដែលបានជួយឧបត្ថម្ភនៅថ្នាំពេទ្យ និងក្រុមចលនាស្ត្រីស្រុកប្រាសាទសំបូរ និងក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំ ជួយឧបត្ថម្ភ ស្បៀង នៅក្នុងឱកាសនេះ ។ សកម្មភាពទាំងនេះបានបង្ហាញអំពីកាយវិការមនុស្សធម៌មួយមានតម្លៃណាស់ នៅក្នុងសង្គមជាតិយើង ជួយគ្នាក្នុងគ្រាលំបាក ។

...

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន ១៣៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មី ទឹកត្រី ត្រីខ ទឹកបរិសុទ្ធ សៀង ភួយ និងថ្នាំពេទ្យ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print