ភ្នំពេញ ៖ លោក នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ភិស្ណុ សារ៉ាក់ធី ប្រធានសេនានុព័ន្ធយោធាថៃប្រចាំកម្ពុជាដែលចប់អាណត្តិ ចូលជួបសម្តែងការគួរសម ជម្រាបលា និងលោក វរសេនីយ៍ឯក ខនវ៉រ៉ានុន យួនស៊ូវន់ ប្រធានសេនានុព័ន្ធយោធាថៃតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម និងបង្ហាញមុខ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ភិស្ណុ សារ៉ាក់ធី បានសម្ដែងនូវសេចក្តីរីករាយ ចំពោះការផ្ដល់កិច្ចសហប្រតិបត្តិការល្អពីសំណាក់ថ្នាក់ដឹកនាំក្នុងកងយោធពលខេមរភូមិន្ទ និងវិស័យផ្សេងៗទៀត ធ្វើឲ្យការបំពេញបេសកកម្មការទូតរយៈពេល៣ឆ្នាំនៅកម្ពុជាទទួលបានលទ្ធផលល្អប្រសើរ។
លោកប្រធានការិយាល័យសេនានុព័ន្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយរលូន និងសម្រេចបានលទ្ធផលល្អ។ ទាំងនេះអាស្រ័យដោយកម្ពុជាមានស្ថិរភាព ពិសេសការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅក្នុងការគ្រប់គ្រងស្ថានជំងឺកូវីដ១៩បានល្អ។
ជាកិច្ចឆ្លើយតប លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ប្រទេសទាំងពីរមានការរីកចម្រើនលើគ្រប់វិស័យ ទាំងទំនាក់ទំនងការទូត សន្តិសុខ និងការផ្លាស់ប្ដូរពាណិជ្ជ្ជកម្មជាដើម។
លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលប្រាថ្នាចង់បានបំផុត ក្នុងការកសាងព្រំដែនជាមួយប្រទេសជិតខាងឲ្យមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការលើវិស័យយោធា លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះកងទ័ពភូមិន្ទថៃ ដែលកន្លងមកបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ និងបានសំណូមពរដល់ភាគីថៃឲ្យបន្តជួយការងារបណ្ដុះបណ្ដាលនេះតទៅទៀត៕
ដោយ : សិលា