ភ្នំពេញ ៖ បើយោងតាមការរៀបរាប់ពីជនរងគ្រោះ ប្រាប់ដល់សារព័ត៌មានក្នុងស្រុក ត្រង់ពាក្យថា , ជនរងគ្រោះ៣នាក់ ត្រូវបានឃាត់ខ្លួន ខណៈសន្ដិសុខបង្កមិនបានឃាត់ខ្លួន ! ករណីសន្ដិសុខក្លឹបរាត្រី XZOOM នៅខណ្ឌពោធិ៍សែនជ័យ ព្រួតវាយភ្ញៀវមួយក្រុមបណ្ដាលឲ្យរងរបួស, ។ នេះជាតម្រុយពិរុទ្ធភាពមួយ ដែលសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ មូលដ្ឋាន ត្រូវមានវិធានការ ស៊ើបអង្កេត ស្រាវជ្រាវ ឬធ្វើកំណត់ហេតុស្តាប់ចម្លើយ គ្រប់ភាគីពាក់ព័ន្ធ ប្រមូលភស្តុតាង ដើម្បីធ្វើការសំយោគបទល្មើស រកអោយឃើញការពិត ផ្តល់យុត្តិធម៌ដល់គូភាគី ខណៈប្រទេសជាតិ គ្រប់គ្រងដោយច្បាប់ ។
ការដកស្រង់សំដីជនរងគ្រោះដោយសារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា, មានករណីសន្តិសុខក្លឹបរាត្រី XZOOM ប្រដាប់ដោយដែករលាត់ ព្រួតគ្នាវាយយុវជនមួយក្រុមជាភ្ញៀវចូលផឹកស៊ី គិតលុយរួចត្រឹមត្រូវ បណ្ដាលឲ្យមានអ្នករងរបួសជាច្រើននាក់ មិនតែប៉ុណ្ណោះ ក្រុមសន្តិសុខទាំងនោះបានចាប់ឃាត់ យុវជន៣នាក់ ដែលរងរបួសនោះអូសចូលក្នុងបរិវេណក្លឹបបាត់ទៅ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងទាបភ្លឺថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ នៅចំណុចមុខក្លឹបរាត្រី XZOOM ស្ថិតតាមមហាវិថីចោមចៅ (អតីតផ្លូវវេងស្រេង) ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពដដែលបានបន្តថា, ជនរងគ្រោះម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ មិត្តភ័ក្រពួកគេជាច្រើនបាននាំគ្នា ចូលទៅផឹកស៊ី និងរាំកម្សាន្តក្នុងក្លឹបអ៉ិចហ្សូម X-ZOOM ខាងលើ។ ក្រោយពីផឹកស៊ីអស់ជាច្រើនម៉ោង មានក្រុមក្មេងស្ទាវម្ខាងទៀត បានមើលមុខក្រុមពួកគេ ហើយក្រុមពួកគេក៏បានមើលមុខវិញ តែមិនកើតមានជម្លោះវាយតប់គ្នាអ្វីកើតឡើងនោះទេ គ្រាន់តែមើលមុខគ្នាទៅវិញទៅមកប៉ុណ្ណោះ តែរឿងនេះក៏បានសើចដាក់គ្នាវិញ និងបានបញ្ចប់ហើយ។
ជនរងគ្រោះ បានបន្តថា នៅពេលដែលគិតលុយរួចរាល់ ពួកគេ និងមិត្តភ័ក្រចេញពីក្លឹបគោលបំណងទៅផ្ទះ ដោយខ្លះយកម៉ូតូចេញក្រៅរួច និងខ្លះទៀតមិនទាន់បានយកម៉ូតូចេញមកក្រៅទេ ស្រាប់តែសន្តិសុខក្លឹបដែលពាក់អាវខ្មៅ រូបក្លឹបអ៉ិចហ្សូម X-ZOOM បានរករឿងពួកគេ និងបានវាយមកលើពួកគេ។ ដោយសន្តិសុខក្លឹបនេះបានយកដំបងដែករលាត់ វាយបណ្តាលឲ្យមានអ្នករងរបួសបែក ឈាមពេញមុខ និង២នាក់ទៀតរងរបួសក្បាល។
ភ្លាមនោះ មិត្តភ័ក្រប្រុសស្រីដែលចេញមកដល់មុខក្លឹបនោះ បានចូលទៅជួយចាប់ទាញកុំឲ្យសន្តិសុខក្លឹបនោះវាយក្រុមពួកគេទៀត តែបែរជាក្រុមសន្តិសុខនោះ ហៅសន្តិសុខជាច្រេីននាក់ទៀតចេញមកជួយចាប់ និងព្រួតវាយដោយវិទ្យុទាក់ទង និងដែកដំបងរលាត់ ទេីបក្រុមយុវជនប្រុសស្រីបានចូលទៅជួយឃាត់កុំឲ្យវាយទៀត តែក៏ត្រូវក្រុមសន្តិសុខនោះប្រដាប់ដោយដំបងដែករលាត់ជាប់ដៃ រត់ដេញវាយពួកគេពេញផ្លូវថែមទៀត មិនតែប៉ុណ្ណោះ ក្រុមសន្តិសុខក្លឹបទាំងនោះ បានចាប់ឃាត់យុវជន៣នាក់បានរងរបួស អូសចូលក្នុងបរិវេណក្លឹបបាត់ទៅ។
ក្រោយមកក្រុមយុវជនប្រុសស្រី បន្ទាប់ពីរត់គេចពីក្រុមសន្តិសុខនោះវាយរងរបួសស្រាល នាំគ្នារត់រកសមត្ថកិច្ចដើម្បីឲ្យចុះមកជួយអន្តរាគមន៍ផង ព្រោះក្រុមសន្តិសុខក្លឹបនេះ បានវាយមិត្តភ័ក្ររបស់ពួកគេ៣នាក់រងរបួស ហេីយយកចូលទៅខាងក្នុងបាត់ និងទេីបបង្កការភ្ញាក់ផ្អើលពេញមុខក្លឹបរាត្រីនេះ។
ប្រហែលជាកន្លះម៉ោងក្រោយមកទេីបឃេីញ វត្តមានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី២ ចំនួន៣នាក់ ចុះទៅដល់ដោយប្រាប់អ្នកសារព័ត៌មានថា ទុកឲ្យសមត្ថកិច្ចធ្វេីការសិន រួចចូលទៅខាងក្នុងបាត់។ មួយសន្ទុះក្រោយទេីបឃេីញចេញមកយកម៉ូតូជិះចូល ទៅនាំខ្លួនយុវជនដែលត្រូវសន្តិសុខវាយឲ្យរបួស ហើយអូសចូលក្នុងក្លឹប៣នាក់នោះ យកទៅធ្វេីការសាកសួរនៅប៉ុស្តិ៍ ដោយមិនបានឃាត់ក្រុមសន្តិសុខក្លឹប ប្រដាប់ដោយដំបងដែករលាត់ដែលជាអ្នកវាយនោះ យកទៅសួរនាំដែរទេ។
បច្ចុប្បន្នយុវជនដែលរបួសទាំង៣នាក់ខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នាក់ការប៉ុស្តិ៍ចោមចៅទី២ ចំណែកក្រុមសន្តិសុខក្លឹបខាងលើ មិនបានឃាត់ខ្លួនទៅសួរនាំនៅប៉ុស្តិ៍នោះទេ។
ទោះបីជាមានការបកស្រាយ ដោយភាគី ជនរងគ្រោះក៏ដោយ ទាំងសមត្ថកិច្ច និងភាគីខាងក្រោមសន្តិសុខ មិនបកស្រាយក្នុងរឿងនេះ នៅឡើយ។ សង្ឃឹមថា, សមត្ថកិច្ចធ្វើកិច្ចការនេះ ឈរលើមូលដ្ឋានច្បាប់ តាមរយៈការប្រមូលភស្តុតាង ពីកន្លែងកើតហេតុ សាក្សី ក៏ដូចជាកាមារ៉ា សុវត្ថិភាពជាដើម ដើម្បីបញ្ជាក់ជូនមហាជន ក្នុងរង្វង់ច្បាប់៕
ដោយ : សហការី