ភ្នំពេញ : សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាន និង ការអភិវឌ្ឍប្រកបដោយចីរភាព” នៅទីក្រុង Yuzhno-Sakhalinsk, សហព័ន្ធរុស្ស៊ី តាមប្រព័ន្ធវីដេអូ, ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្ដម ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម និងជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី,
ឯកឧត្តម, លោកជំទាវ ប្រធានគណៈប្រតិភូគណបក្សនយោបាយ,
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និង មិត្តភក្តិទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ *គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព» នាពេលនេះ ។
ឆ្លៀតឱកាសនេះ, ក្នុងនាមប្រជាជន និងគណបក្សប្រជាជនកម្ពុជា, ខ្ញុំសូមសម្ដែងនូវ ការអបអរសាទរយ៉ាងកក់ក្ដៅចំពោះគណបក្សរុស្ស៊ីរួបរួម ដែលប្រារព្ធខួបលើកទី ២១ និង សូមប្រសិទ្ធពរឱ្យគណបក្សសម្រេចបាននូវបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន ។ ខ្ញុំក៏ សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងបរិស្ថាន និងការអភិវឌ្ឍ ប្រកបដោយចីរភាព សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំរបស់មនុស្សជាតិ ។
ក្នុងស្ថានភាពដែលពិភពលោកមានបញ្ហាប្រឈមជាច្រើន, គណបក្សនយោបាយ ទាំងអស់ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាធានាបាននូវការលើកកម្ពស់ជីវភាព, សុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋ និងភពផែនដីទាំងមូលផងដែរ ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ក្រោយទទួលបានសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ, ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយ ដៃម្ខាងខិតខំធ្វើការកែទម្រង់រដ្ឋយ៉ាងមុតស្រួចជាបន្តបន្ទាប់ តាមរយៈការរៀបចំ និងកែលម្អ ក្របខណ្ឌច្បាប់, គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីជំរុញការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត, ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយដៃម្ខាងទៀតខិតខំការពារបរិស្ថាន, អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងលើកកម្ពស់ ជីវភាពប្រជាជនមូលដ្ឋានឱ្យមានភាពរឹងមាំ និងភាពធន់ ។ ដោយសារកំណើនសេដ្ឋកិច្ចខ្ពស់, កម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយនឹងបន្តឈាន ទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។ ទន្ទឹម នឹងនេះ, កម្ពុជាក៏បានខិតខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះស្រាយបញ្ហាប្រឈម បរិស្ថានសកល រាប់ទាំងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការទទួលខុស ត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» ។
ជាការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជា, ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច, កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន ៣ ដង សម្រាប់ សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និង បានកំណត់គោលដៅកាត់ បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២% នៅត្រឹមឆ្នាំ ២០៣០ ។ ជាមួយគ្នានេះ, កម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន ដើម្បីជំរុញសេដ្ឋកិច្ចបៃតង ដែលធន់នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិចផង ដែរ ។ កម្ពុជាក៏បានកំណត់ផងដែរ ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុ ជាសមាសភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ និងបានកំណត់ក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ វិនិយោគ ថ្មី នូវការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង, សេដ្ឋកិច្ច និងកិច្ច ការពារបរិស្ថាន ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ពិតណាស់, បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុនេះ មានតែកិច្ច សហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈម បរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដីយើងពីគ្រោះមហន្តរាយទាំង ឡាយ សម្រាប់ជនានុជនរបស់យើងជារៀងដរាបតទៅ ។ ខ្ញុំជឿជាក់ថា យើងទាំងអស់ពិត ជាអាចធ្វើបាន ។ ឧទាហរណ៍ល្អៗជាច្រើននៃសាមគ្គីភាព និងកិច្ចសហការទាំងនេះ ដូចជា ការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និងឈានទៅលុបបំបាត់សារធាតុ បំផ្លាញស្រទាប់អូហ្សូន បានធ្វើឱ្យខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា យើងពិតជាអាចជម្នះនូវរាល់ បញ្ហាទាំងនេះ
ជាមួយគ្នាបាន ។
ជាទិសដៅបន្ត, ខ្ញុំយល់ថា យើងត្រូវបន្តលើកកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ, នយោបាយ, វប្បធម៌ និង ជំនឿសាសនាដោយឡែក ។ ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសអភិវឌ្ឍដល់ ប្រទេសកំពុងអភិវឌ្ឍ គឺជាប្រការចាំបាច់ ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកល ឱ្យ កាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានេះ, យើងក៏គួរផ្តោតជាសំខាន់ ផងដែរ លើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែក ចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយ តបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល ។
ជារួម, កម្ពុជាបានត្រៀមខ្លួនជាស្រេច ហើយយើងត្រូវការដៃគូ ទាំងសាធារណៈ និង ឯកជន ដើម្បីជួយយើងសម្រេចបាននូវការប្ដេជ្ញាចិត្តទាំងនេះ ។ ជាទីបញ្ចប់, ខ្ញុំសូមជូនពរ អង្គសន្និសីទទទួលបានជោគជ័យ និងសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកសី សូមមានសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ៕
ដោយ : សុខ ខេមរា