(កំពង់ធំ)÷នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ កងទ័ពប្រជាជនវៀតណាម បានដឹកនាំក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យឯកទេសជំងឺផ្សេងៗ នៃមន្ទីរពេទ្យប៊ិញហ្សិន នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យ និងអំណោយមនុស្សធម៌មួយចំនួន ជូនដល់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ ចំនួន៤០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសេនីយ៍ឯក ង្វៀន ទន់បាវ អនុប្រធាន នយោបាយ នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាម នៃបញ្ជាការដ្ឋានទីក្រុងហូជីមិញ និងកងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ក្នុងវិស័យមនុស្សធម៌ និងការងារសុខុមាលភាពទូទៅក្នុងការជួយគ្នាទៅវិញទៅមក ។
ថ្ងៃនេះបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានដឹកនាំក្រុមវេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យជំនាញចំនួន៤០នាក់ នៃ មន្ទីរពេទ្យ ប៊ិញហ្សិន ដែលជាមន្ទីរពេទ្យល្បីឈ្មោះក្នុងការព្យាបាលជំងឺ មានប្រសិទ្ធភាពខ្ពស់នៅទីក្រុងហូជីមិញដើម្បីជួយ ព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅជុំវិញទីតាំងបោះទ័ព ព្រមទាំងបានផ្ដល់ថ្នាំពេទ្យនិងឧបត្ថម្ភជំនួយមនុស្សធម៌ដល់ពួកគាត់ផងដែរ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងក្រុមគ្រូពេទ្យឯកទេសជំនាញនៃមន្ទីរពេទ្យប៊ិញហ្សិន នៅទីក្រុងហូជីមិញ ដែលបានជួយព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅជុំវិញទីតាំងបន្ទាយ និងបានជូនពរសុំឲ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រជាជនកម្ពុជា និងកងទ័ពស្ម័គ្រចិត្ត នៃប្រជាជនវៀតណាម ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃប្រទេសទាំង០២ ។