ភ្នំពេញ៖ អនុវត្តតាមការចាត់តាំងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចំនួន ៥នាក់ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៩ នៅទីក្រុង Banda Seri Begawan ប្រទេសប្រ៊ុយណេ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺ ថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២២ ហើយដែលសមាគមជាតិអឌ្ឍចន្ទក្រហមប្រ៊ុយណេ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក Sheikh Abdul Kadir Abdullah អគ្គលេខាធិការសមាគមជាតិអឌ្ឍចន្ទក្រហមប្រ៊ុយណេ និងអញ្ជើញជាភ្ញៀវកិត្តិយសពីលោកស្រី Kathryn Clarkson ប្រធានសម្របសម្រួលប្រតិភូកម្រងប្រទេស តំណាងសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ប្រចាំទីក្រុងបាងកក និងលោក Alexandra Matheou នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលោក Omar Odeh ប្រធានប្រតិភូប្រចាំភូមិភាគ តំណាងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងយុវជននៃសមាគមជាតិប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍ទាំង ១១សមាគមជាតិ សរុបចំនួន ៦៩នាក់។
សម័យប្រជុំថ្ងៃទី១នេះ បានផ្តោតសំខាន់លើចំណុចសំខាន់រួមមាន៖
១. កសាងសេចក្ដីថ្លែងការណ៍រួមរបស់វេទិកាយុវជន និងកិច្ចពិភាក្សាផ្លាស់ប្ដូរទស្សនៈទៅវិញទៅមករវាងថ្នាក់ដឹកនាំសមាគមជាតិ និងយុវជន។
២. ពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងបាងកក ដែលជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ ឆ្នាំ២០២១ ហេីយដែលវឌ្ឍនភាពនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមាគមជាតិនីមួយៗ ក្នុងការធ្វេីប្រតិបត្តិការចម្បងចំនួន ៣ គឺ ៖ i. ការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩, ii. និរន្តរភាពរបស់សមាគមជាតិ, និង iii. ការប្រមូលផ្តុំកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តក្នុងប្រតិបត្តិការមនុស្សធម៌។
៣. ការរួមសហការគ្នា ពង្រឹងកម្លាំងសាមគ្គីភាពជាតិ-អន្តរជាតិ ដើម្បីត្រៀមខ្លួនក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងនានា និងបញ្ហាប្រឈមបន្ទាន់ផ្សេងៗ ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ។
៤. ជំហានត្រូវអនុវត្តស្មារតីនៃអនុស្សរណៈយោគយល់គ្នារវាងសហព័ន្ធអន្តរជាតិ និងអាស៊ាន និង
៥. ស្ថានភាព និងបញ្ហាប្រឈមនៅក្នុងប្រតិបត្តិការមនុស្សធម៌ដ៏ស្មុគ្រស្មាញនៅប្រទេសមីយ៉ាន់ម៉ា។
ជាមួយគ្នានេះ បញ្ហាប្រឈមជារួមរបស់សកលលោកមានដូចជាជំងឺឆ្លងនានា ជម្លោះប្រដាប់អាវុធ គ្រោះមហន្តរាយធម្មជាតិ បញ្ហាចំណាកស្រុក និងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស មានវិសាលភាពកាន់តែធំឡើងៗ។ ហេតុដូចនេះ ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ត្រូវតែលើកកម្ពស់គុណតម្លៃរបស់ខ្លួន ក្នុងការពង្រឹងភាពធន់នៅតាមសហគមន៍ក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ ដោយបំផុសកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនដែលជាអនាគតអ្នកដឹកនាំវ័យក្មេងចូលរួមឱ្យបានសកម្មក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលមានលក្ខណៈជាសកលដូចជា ការប្រែប្រួលអាកាសធាតុ បញ្ហាបច្ចេកវិទ្យា និងការខិតខំកៀរគររកមូលនិធិ ដើម្បីធានានិរន្តរភាពរបស់សមាគមជាតិ ក្នុងការបន្តប្រតិបត្តិការមនុស្សធម៌។
បន្ថែមពីនេះ កិច្ចប្រជុំបានផ្តោតលើការគិតគូររួមគ្នា ការកសាងសមត្ថភាពរបស់សមាគមជាតិនីមួយៗ ក៏ដូចជាចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្នុងការស្តារឡើងវិញនៃស្ថានភាពកូវីដ-១៩ និងជំងឺឆ្លងនានា។ ទន្ទឹមនឹងនេះ កិច្ចប្រជុំបានចែករំលែកនូវបទពិសោធន៍ល្អៗ កិច្ចសហប្រតិបត្តិការ ការត្រៀមខ្លួនរួចរាល់របស់ថ្នាក់ដឹកនាំ យុវជន និងសមាគមជាតិទាំងមូលក្នុងការកសាងភាពធន់ក្នុងសហគមន៍ ត្រៀមបង្ការ និងឆ្លើយតបទៅកាន់បញ្ហាប្រឈមនានាដែលនឹងកើតមានឡើងជាយថាហេតុ៕
សហការី