ខេត្តរតនគិរី ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានបុកបុរសម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ។ នេះបើយោងតាម facebook ផ្លូវការលោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបញ្ជាក់ថា, ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មិននឹកស្មានដល់នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៤៨នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ស្ថិតនៅ ភូមិ អូរកន្ទុល ឃុំ បឹងកន្សែង ក្រុង បានលុង ខេត្តរតនៈគិរី ទល់មុខសាលាបឋមសិក្សា ឡាបានសៀក។
មន្ត្រីនគរបាលក្រុង បានលុង ខេត្តរតនគិរី បានឲ្យដឹងថា , ជនរងគ្រោះឈ្មោះសុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរីមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មន្ត្រីនគរបាលខាងលើបញ្ជាក់ថា ម៉ូតូ១គ្រឿងដែលបង្កឲ្យមានមនុស្សស្លាប់នោះម៉ាក យ៉ាម៉ាហា គ្មានស្លាកលេខ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុង រឹបអូសយកមករក្សាទុកនៅអធិការនគរបាលក្រុង បានលុង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ : សហការី