ភ្នំពេញ : ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានដឹកនាំកិច្ចប្រជុំពិភាក្សា លើដំណើរការនៃការរៀបចំឯកសារកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ របស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា ជាមួយ លោកស្រី Sandra Bernklau ជាតំណាង ។
លោកស្រី បានធ្វើការសង្ខេប ពីកិច្ចការអាទិភាពរបស់អង្គការ ពិសេសការគាំទ្រលើ :
-១) សុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធិ
-២) ក្មេងវ័យជំទង់ និងយុវជន
-៣) សមភាពយេនឌ័រ
-និង ៤) ជវភាពប្រជាជន ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកស្រី បានស្នើសុំការណែនាំ និងឯកភាពពី ឯកឧត្តមរដ្ឋមន្រ្តី លើការរៀបចំឯកសារកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសថ្មី ។
លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងសំដែងការគាំទ្រចំពោះការចូលរួមរបស់អង្គការក្នុងកិច្ចអភិវឌ្ឍន៍ តាមរយៈការសហការ ជាមួយក្រុមការងារបច្ចេកទេសកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការតម្រឹមឯកសារជាមួយអាទិភាពជាតិ ហើយលើកទឹកចិត្តអង្គការឱ្យបន្តរៀបចំ ប្រកបដោយភាពបត់បែន ដោយគិតគូរបន្ថែមពីយុទ្ធសាស្ត្រ និងផែនការយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២៤-២០២៨ ដែលគ្រោងនឹងដាក់ចេញនាពេលខាងមុខ ។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់ ប្រកបដោយជោគជ័យ ភាពស្និទ្ធស្នាល និងការពេញចិត្ត លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា ៕
ដោយ : សិលា