ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ៧ខែ តុលាឆ្នាំ២០២២ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិង ឧតុ និយមខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យថា ស្ថានភាពជំនន់ទឹកភ្លៀងហូរធ្លាក់មកពីតាមព្រំដែនដោយសារមានភ្លៀងធ្លាក់ច្រើនបន្តបន្ទាប់មកបានធ្វើឱ្យគ្រប់អូរស្ទឹងនិងអាងទឹកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យហក់ឡើងដល់កម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន។ តែទោះជាយ៉ាងណាមិនទាន់មានទំនប់អាងទឹកណាមួយត្រូវបានបាក់ដាច់ដោយសារទឹកជំនន់ជាច្រើនថ្ងៃមកហើយនោះទេ។
ប្រធានមន្ទីររូបនេះបានឱ្យដឹងទៀតថា ទឹកធ្លាក់មកពីតាមព្រំដែននៅពេលនេះនៅតែមានបរិមាណច្រើនជា ពិសេស នៅអាងអូរខៃដន ទឹកឡើងខ្ពស់ជាងទំនប់របស់អាងតែមិនបានធ្វើឱ្យទំនប់នេះបាក់ដាច់ទេ ដោយសារក្រុមការងារចម្រុះបានច្រកបាវដីខ្សាច់ទប់មិនឱ្យទឹកហូរលើខ្នងទំនប់។ ចំណែកអាងត្រពាំងថ្មដែលមានទឹក ឡើងខ្ពស់លើស កម្រិតរក្សាទុកនោះក៏មិនមានបញ្ហាដែរដោយសារទ្វារទឹកបានបើកចំហនិងមានគ្រឿងចក្រប្រចាំការចាំអន្តរាគមន៍២៤ម៉ោង។
ខាងក្រោមនេះ ជាស្ថានភាពទឹកអូរស្ទឹងនិងអាងនៅក្នុងខេត្តបន្ទាយមានជ័យសម្រាប់ថ្ងៃទី៧ខែតុលា ដោយច្រកទឹកអូរស្ពានស្រុកម៉ាឡៃទឹកស្រកវិញ។ ទឹកស្រកទឹកចុះដល់ភូមិបឹងជង្រុក តេជោឈ្នៈឈ្នៈ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ និងទឹកហូរស្រុងដល់វាលសាយសាម៉ន ស្រុកមង្គលបូរីនិងហូរតាមអូរល្ហុងនៅក្រុងប៉ោយប៉ែត។.
.ទឹកអូរល្ហុងនៅក្រុងប៉ោយប៉ែតមានកម្រិតកម្ពស់៥,៥២ម៉ែត្រលើសកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន០,០២ម៉ែត្រ។
.ទឹកអូរបីជាន់ទឹកឡើងដល់កម្រិតកម្ពស់៣,៤៩ម៉ែត្រខ្វះ០,០១ម៉េត្រដល់កម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន។
.ទឹកអូរកំបុតឡើងដល់កម្រិតកម្ពស់៥,០១ម៉ែត្រនៅខ្វះ០,១៩ម៉ែត្រឡើងដល់កម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន។
.ទឹកស្ទឹងក្រុងសិរីសោភ័ណឡើងដល់កម្រិតកម្ពស់៧,៥១ម៉ែត្រលើសកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន០,០១ម៉ែត្រ។
.ទឹកស្ទឹងស្ពានស្រែង មានកម្ពស់១៣,៤៩ម៉ែត្រ ទាបជាងកម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន០,០១ម៉ែត្រ។
ទឹកអាងត្រពាំថ្មឡើងដល់កម្រិតកម្ពស់១៧,៤១ម៉ែត្រ លើសកម្រិតកម្ពស់០,០១ម៉ែត្រ៕
ដោយ៖ សូរិយា