ខេត្តបាត់ដំបង : នៅថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ គីម សុផារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ អមដំណើរដោយប្រតិភូរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង ឧបករណ៍ សម្ភារៈ និងសំណេះសំណាល ជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៥ (យោធភូមិភាគ៥) នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥។
ដោយឡែក លោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) អមដំណើរដោយឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤ និងទី៥ ,ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថ ស្នងការនគបាល និងអាជ្ញាធរមូលដ្ឋាន កាលពីម្សិលមុិញ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ចែក ជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោក គីម វីរៈ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន តែងតែគិតគួររាល់សុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ មិនទុកឱ្យប្រជាពលរដ្ឋលំបាកនោះឡើយ។
ក្នុងឱកាសនោះដែរ លោក គីម វីរៈ សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។
សូមបញ្ជាក់ផងដែរថាអំណោយដែលបានយកទៅប្រគល់ជូនរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអីវ ត្រីខ ទឹកសុទ្ធ និងថវិកាមួយចំនួន៕
ដោយ : សហការី