លោក ហ៊ុនម៉ានី បង្ហាញពីក្តីព្រួយបារម្ភ ដែលអាចនឹងបង្កជាការជន់លិច ហើយឈានដល់ស្ថានភាពប្រឈមនឹងជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា, មួយរយៈពេលចុងក្រោយនេះ ខ្ញុំផ្ទាល់ និងក្រុមការងារ បានបន្តតាមដានជាប្រចាំនូវការព្យាករណ៍កម្ពស់ទឹក និងស្ថានភាពកម្រិតទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលអាចនឹងបង្កជាការជន់លិច ហើយឈានដល់ស្ថានភាពប្រឈមនឹងជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងដោយគិតមកទល់ពេលនេះ មិនទាន់មានករណីរប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាមួយគួរឱ្យកត់សម្គាល់នៅឡើយ ខណៈដែរប្រជាពលរដ្ឋរងការប្រឈមមួយចំនួនត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ហើយផលប៉ះពាល់លើទ្រព្យសម្បត្តិវិញនៅមានការវាយតម្លៃជាបន្តបន្ទាប់។

លោកលើកឡើងថា, តែទោះជាយ៉ាងណា អ្វីដែលជាការឆ្លើយតបរបស់អាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ចំពោះស្ថានភាពបច្ចុប្បន្ន គឺមានលក្ខណៈប្រសើរប្រកបដោយប្រសិទ្ធភាព។ សកម្មភាពការចុះជួយរបស់អាជ្ញាធរមូលដ្ឋានក្នុងការរក្សាសុខសុវត្ថិភាពរបស់ប្រជាជនកន្លងមក គឺមានភាពហ្មត់ចត់ល្អប្រសើរ ស្របតាមចំណាត់ការ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគ្រប់កាលៈទេសៈទាំងមុន អំឡុង និងការត្រៀមផែនការក្រោយស្ថានការណ៍។ ជាក់ស្តែង ដោយមានការគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលអាស្រ័យផលកសិកម្ម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម ឱ្យចាត់មន្ត្រីជំនាញ ទៅធ្វើការដោយផ្ទាល់ជាមួយមូលដ្ឋានខេត្ត និងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការវាយតម្លៃលើការខូចខាតដំណាំស្រូវ និងដំណាំផ្សេងៗ ដើម្បីរាជរដ្ឋាភិបាលអាចកំណត់គោលដៅ និងត្រៀមបម្រុងក្នុងការបញ្ចេញពូជស្រូវ និងដំណាំទៅជូនប្រជាជននៅតាមតំបន់គោលដៅដែលរងផលប៉ះពាល់ខ្លាំងបានទាន់ពេលវេលា។

លោកបន្តថា, ទន្ទឹមនេះ យើងខ្ញុំពិតជាមានការសោកស្តាយ ចំពោះការខូចខាត និងប៉ះពាល់លើជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាដែលកំពុងរងការប្រឈម។ ប៉ុន្តែនៅក្នុងស្ថានភាពដែលទឹកភ្លៀងបន្តធ្លាក់មិនទាន់មានការស្រាកស្រាន្ត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការតាមដាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីរក្សាសុវត្ថិភាព និងអាយុជីវិតខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ ព្រោះថាក្នុងដំណាក់កាលនេះ កត្តាអាយុជីវិត គឺជារឿងសំខាន់បំផុត។ ជាមួយគ្នានេះ សូមស្ថាប័ន និងវិស័យពាក់ព័ន្ធ  រួមមានធនធានទឹក និងឧតុនិយម និងវិស័យផ្សេងៗទៀត មានការសហការជាពិសេសជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តចុះជួយកន្លងមក ដោយបន្ថែមការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពជាក់ស្ដែង និងត្រៀមខ្លួនគ្រប់គ្រង ក៏ដូចជាបញ្ជៀសហានិភ័យនានាដែលអាចបង្កនូវផលលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដោយប្រើប្រាស់គ្រប់មធ្យោបាយឱ្យអស់ពីលទ្ធភាព និងសមត្ថភាពទាំងអស់គ្នា៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print