ខេត្តត្បូងឃ្មុំ : សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីសូត្រមន្តបុណ្យកឋិនទាននៅភូមិគ្រឹះក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចំាព្រះវស្សាអស់កាលត្រីមាសនៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២២ ក្នុងវត្តចំនួន៩នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀងមាន វត្តសុវណ្ណរាម វត្តជោតិវន្ត វត្តជោត្តិរតនរាម វត្តបុទមព្រឹក្សា វត្តតាសួស វត្តវិសប្បសិនារាម វត្តឥន្ទសាល ខេត្តព្រៃអង្គរក្រៅ និងវត្តសិលារង្សី។
អង្គកឋិកទានដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន មានការចូលរួមពីសំណាក់បងប្អូនកូនចៅសម្តេចទំាងពីរ រួមនឹងសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អាជ្ញាធរដែនដី ជាច្រើនទៀត។
សូមជម្រាបថា ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សូមប្រគេនពរនិងជូនពរដែលកើតចេញពីបុណ្យកឋិនទាននាឱកាសនេះ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទំាងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សហការី