(កំពង់ធំ) ៖ អភិបាលខេត្តកំពង់ធំថ្លែងថា ទោះបីជាប្រជាពលរដ្ឋគ្រប់រូបមានទីលំនៅឋានឆ្ងាយពីសម្តេចតេជោហ៊ុន សែនឆ្ងាយយ៉ាងណាក្តី តែបេះដូងសម្តេចនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ។ ការថ្លែងនេះនាឱកាសលោកងួន រតនៈ អភិបាលខេត្តកំពង់ធំ មន្ត្រីក្រោមឱវ៉ាទជាច្រើនរូប បាននាំយកស្បៀងរបស់សម្តេចតេជោ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែររងគ្រោះដោយសារទឹកជំនន់ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានបន្តថា ស្បៀងទាំងអស់នេះវាមានទំហំតិចតួចយ៉ាងណាក្តី ក៏អាចដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋបានមួយគ្រាផងដែរ ។ ស្បៀងនេះគឺរដ្ឋបាលខេត្តកំពង់ធំមិនបានចែកជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាឡើយ គឺអាជ្ញាធរជ្រើសរើសតែប្រជាពលរដ្ឋណារងគ្រោះដោយសារទឹកជំនន់ ដែរជីវភាពខ្វះខាតជាចំបងសិន ដូច្នេះសូមប្រជាពលរដ្ឋដែលមិនទាន់បានស្បៀងសូមកុំប្រកាន់ ឬគិតថាបក្សពួកនិយមអោយសោះ គឺរដ្ឋបាលខេត្តដោះស្រាយជាមុនចំពោះប្រជាពលរដ្ឋកំពុងខ្វះខាត់ប៉ុណ្ណោះ ។
ក្នុងនោះដែរអាជ្ញាធរក្រុងស្ទឹងបានអោយដឹងថា ស្ថានភាពទឹកជំនន់ និងស្ថានភាពទឹកស្ទឹងសែន បន្ដឡើងដល់កំពស់ ១៤,០៩ម៉ែត្រ លើសប្រកាសអាសន្ដ០,៥៩ម៉ែត្រ ធ្វើអោយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន រងផលប៉ះពាល់ដោយទឹកជំនន់ចំនួន៣.១៧៩គ្រួសារ ។ ចំពោះការបង្កបង្កើនផលស្រូវ គឺប៉ះពាល់ចំនួន១.៨១៤ហិវតា ស្មើ ៨៩៣គ្រួសារ និងខូចខាត់ចំនួន៤៥១ហិចតា ស្មើ១៤៦គ្រួសារ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន២០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ បានទទួលស្បៀងពីរដ្ឋបាលខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ មី ត្រីខទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ និងអំបិលអីយ៉ូតលីលីដាផងដែរ។