គ្រួសារអតីតយុទ្ធជនពលីនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី២១៥ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២១៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ ថា៖ លោកស្រី សុំ មុត អាយុ៦១ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន៨នាក់ ត្រូវជាភរិយាលោកអនុសេនីយ៍ទោ ឈឹម ខន មន្ត្រីនគរបាលបម្រើការងារនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ហើយបានពលីជីវិតនៅឆ្នាំ១៩៩៣ ពេលដែលប្រយុទ្ធជាមួយនឹងខ្មាំងនៅសមរភូមិជីអោក ខេត្តព្រះវិហារ ។

បច្ចុប្បន្នគ្រួសារលោកស្រីមានជំរកស្នាក់នៅមិនសមរម្យ ដោយឃើញពីការលំបាកនេះ អាជ្ញាធរដែនដីនិងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ ធំ បានសុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១៥ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈលោកទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លីនិងជណ្ដើរកាច់  ។ 

នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនពលី និងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាចូលរួម អនុវត្តន៍នូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពពិសេសត្រូវចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់យើង ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ និងត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ ព្រមទាំងប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ជាមួយនេះដែរត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។ 

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២យួរ  និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។

លោកស្រី សុំ មុត ភរិយាអតីតយុទ្ធជនពលីនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី  រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោហ៊ុន សែនលុះអវសាន្តជីវិត  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print