ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះដើម្បីអនុវត្តតាមនីតិវិធី។
លោកនួន នីណារ៉ូមេបញ្ជាការមូលដ្ឋានអាវុធហត្ថប្រាប់ថាៈកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី លួចម៉ូតូកង់បី ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង០០នាទីព្រឹក ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅចំណុចបុរីដួងចន្ទ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ព្រំ ប្រុងប្រយ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ក្រោយពីទទួលបានបណ្តឹងបណ្ដឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបាន រហូតនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចកាស៊ីណូសែនផាឡែស ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នាំខ្លួនទៅកាន់មូលដ្ឋានក្រុងដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។
លោកមេបញ្ជាការរួបនោះបញ្ជាក់ថាៈ ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ ម៉ៃ សុភា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ វី លីហ័រ ហៅ អ៊ូក ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉េត ។
ក្រោយការឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារភាពថា ខ្លួនទាំង២នាក់ពិតជាបានលួចម៉ូតូកង់បីរបស់ជនរងគ្រោះពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា មុនពេលបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត ចំណែកម៉ូតូកង់បីត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឲ្យម្ចាស់ដើមវិញ៕វណ្ណា