ទេសរដ្ឋមន្ត្រី​ គន់​ គីម​៖​ រយៈពេល៣ថ្ងៃចុងសប្តាហ៍មកនេះ លោកបានចុះពិនិត្យដោយផ្ទាល់ ពីផលប៉ះពាល់និងការខូចខាត និងតម្រូវការនានារបស់ប្រជាពលរដ្ឋរងគ្រោះពីជំនន់ទឹកភ្លៀង ក្នុងខេត្តជុំវិញបឹងទន្លេសាប

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែង​បញ្ជាក់ថា៖​ រយៈពេល៣ថ្ងៃចុងសប្តាហ៍មកនេះ លោកបានចុះពិនិត្យដោយផ្ទាល់ ពីផលប៉ះពាល់និងការខូចខាត និងតម្រូវការនានារបស់ប្រជាពលរដ្ឋរងគ្រោះពីជំនន់ទឹកភ្លៀង ក្នុងខេត្តជុំវិញ បឹងទន្លេសាបដូចជា៖ ខេត្តកំពង់ធំ ,សៀមរាប ,បន្ទាយមានជ័យ និងខេត្ត​បាត់ដំបង។ ការថ្លែងបែបនេះ​នាឱកាស​លោកទេសរដ្ឋមន្ត្រី​ បានបន្តចុះមកពិនិត្យផ្ទាល់អំពីផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់​ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ​ ។

 

ទេសរដ្ឋមន្ត្រី គន់​ គីម​ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារគ្រោះមហន្តរាយរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ គឺជាកិច្ចការមួយដែលសម្តេចតេជោ ហ៊ុន សែន លោកបានយកចិត្តទុកដាក់ខ្ពស់ណាស់។ មកដល់ពេលនេះយើងបានត្រៀមខ្លួនរួចរាល់ ព្រមទាំងបានបង្កើន និងហ្វឹកហ្វឺនកងកម្លាំងសង្គ្រោះនៅគ្រប់អង្គភាពទ័ព ហើយយើងបានបំពាក់សម្ភារ និងបរិក្ខាសង្គ្រោះគ្រប់គ្រាន់សម្រាប់ពួកគេប្រតិបត្តិការពេលមានគ្រោះទឹកជំនន់ ឬគ្រោះអាសន្ននានាកើតឡើង»។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថាសម្តេចតេជោ បានដាក់ចេញបទបញ្ជាឱ្យបញ្ចេញស្រូវពូជ និងផលដំណាំនានា ហើយធ្វើកិច្ចអន្តរាគមន៍ជួយពលរដ្ឋជាបន្ទាន់លើការងារ ពាក់ព័ន្ធការស្តារលទ្ធកម្មដាំដុះឡើងវិញក្រោយពេលទឹកស្រក។

លោកក៏បានគូសបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាស្ថាប័នសម្របសម្រួល ដែលមានសម្តេចតេជោជាប្រធាន សូមស្នើដល់ក្រសួង ស្ថាប័នជំនាញ ពាក់ព័ន្ធ បន្តចុះសិក្សាវាយតម្លៃពីផលប៉ះពាល់ ការខូចខាត និងតម្រូវការស្តារឡើងវិញតាមវិស័យរៀងៗខ្លួន សម្រាប់ការរៀបចំនិងអនុវត្តផែនការស្តារឡើងវិញបានទាន់ពេលវេលា។  

បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំជាទីបំផុត។​ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីការពារហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីទឹកជំនន់នេះ។

សូមជម្រាបជូនថា​ ផ្អែកតាមរបាយការណ៍លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែតុលាម្សិលមិញនេះ មានស្រុកចំនួន៧ដែលប៉ះពាល់ ក្នុងនោះមានដំណាំស្រូវ ប៉ះពាល់ ១១,៩២៦ហិកតា ស្មើនឹង ១,៣០៣គ្រួសារ ,ដំណាំស្រូវខូចខាត មាន ៤,០០០ហិកតា ក្នុងនោះស្រុកកណ្ដៀង ប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print