ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ ២០២២នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ។
សូមបញ្ជាក់ថា អាវុធហត្ថរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្រោយពីទទួលបានបណ្តឹងមួយស្តីពីករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ អស់ជាង ១០ម៉ឺនដុល្លារ និងមានប្រើប្រាស់អាវុធចំនួន ០៤ដើម នៅចំណុច ខុនដូមួយកន្លែង ស្ថិតនៅផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងជាក់ស្តែង។
កាលវេលាម៉ោងប្រមាណ ១២ និង១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចអាវុធហត្ថ បានប្រើវិធានការជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង ភេទប្រុស អាយុ ២៤ឆ្នាំ នៅទីតាំងខាងលើ និងបានជួយរំដោះជនរងគ្រោះម្នាក់ឈ្មោះ ង្វៀង ឆីមីងង៉ាង ភេទស្រី អាយុ ៣៤ឆ្នាំ ។ ខណៈពេលជំនាញកំពុងសួរនាំជនសង្ស័យឈ្មោះ អ៊ី ផឹង ស្រាប់តែបក្ខពួកមួយចំនួនផ្សេងទៀតបានដឹងខ្លួន លួចបើករថយន្ត គេចចេញពីទីតាំងខាងលើបាត់អស់។
រហូតដល់វេលាម៉ោង ១៤ និង ១០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចូលឆែកឆេរបន្ទប់ក្រុមជនសង្ស័យ លេខ B១៩០៩ ជាន់ទី ១៩ ខុនដូរ Urban Villige ក៏បានឆែកឃើញមាន ក្រាមសថ្លា ០១កញ្ចប់ធំល្មម (សង្ស័យសារធាតុញៀន), ថ្នាំពណ៌ក្រហមចំនួន ៣៦គ្រាប់(សង្ស័យសារធាតុញៀន) និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បន្ទាប់មកនៅវេលាម៉ោងប្រមាណ ១៨ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានិងទីតាំងបក្ខពួកជនសង្ស័យបានស្នាក់នៅ បុរី ប៉េងហួត បឹងស្នោ ក៏បានបន្តទៅសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ ឃាត់រថយន្ត ០១គ្រឿង ម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1625 ព្រមទាំងបក្ខពួក ជនសង្ស័យ ចំនួន ០៤នាក់ និងបានស្រាវជ្រាវបន្តឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ បន្ថែមទៀត និងដកហូត រថយន្ត Land Cruiser ០១គ្រឿង ស្លាកលេខ ភ្នំពេញ 2BP-1617។
ក្នុងអំឡុងពេលប្រតិបត្តិការ ជនសង្ស័យទាំងនេះបានព្យាយាមបើករថយន្តអូឌី បំបុកកម្លាំងសមត្ថកិច្ច ដើម្បីរត់គេចខ្លួនធ្វើឲ្យកងកម្លាំងម្នាក់របួសជើង ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធឡើងលើ ដើម្បីបង្អាក់ជនសង្ស័យ ទើបជនសង្ស័យព្រមបញ្ឈប់សកម្មភាព និងប្រគល់ខ្លួនតាមសម្រួល។
បច្ចុប្បន្ន កម្លាំងកងអាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនខ្លួនក្រុមជនសង្ស័យមកដល់សាលាដំបូងរាជធានីភ្នំពេញហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ ដោយ៖ រ៉ារ៉ា