រយៈពេល៩ខែ​ ឆ្នាំ​២០២២នេះ​! កម្ពុជានាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសកើនជាង ២៤ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់​ទីផ្សារបរទេស​មានទំហំទឹកប្រាក់សរុបជាង ​១៧ពាន់លានដុល្លារអាម៉េរិក​ កើនជាង ២៤ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១កន្លងទៅ។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែង​នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កម្មវិធីគម្រោងរោងចក្រកាន់​តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧ កាលពីរសៀលថ្ងៃទី១០ ​ខែតុលាម្សិលមិញនេះ​។

លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ​បានថ្លែង​យ៉ាងដូច្នេះ​ថា៖ ការនាំចេញរបស់កម្ពុជា​ក្រោម​ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសនៅឆ្នាំ២០០១ ​មានត្រឹមតែជាង ​១ ១៨០លានដុល្លារ ចំនួននេះ ​មានការកើនឡើងដល់ជាង ​១៩ពាន់លានដុល្លារអាមេរិក ​នៅឆ្នាំ២០២១ ក្នុងនោះការ​នាំចេញ​សំលៀកបំពាក់​វាយនភណ្ឌ ​មានទឹកប្រាក់ចំនួនជាង ​៦ ៧០០លានដុល្លារអាមេរិក និង​ការនាំចេញផលិតផលធ្វើដំណើរ ​និងកាបូប ​មានទឹកប្រាក់ចំនួនជាង ១ ១៨០លានដុល្លារអាមេរិក។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ​ បានលើកឡើងបន្តថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ​ការនាំចេញរបស់កម្ពុជា​ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសមានទំហំទឹកប្រាក់ជាង ​១៧ ៥០០ លានដុល្លារ​អាមេរិក កើនឡើងជាង ២៤ភាគរយ បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នា ឆ្នាំ២០២១ ក្នុងនោះការនាំ​ចេញសំលៀកបំពាក់វាយនភណ្ឌ កើនឡើងជាង ២៣ភាគរយ និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូបមានការកើនឡើងជាង ៣៦ភាគរយ។

លោករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការមួយ​របស់​រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តធ្វើសមាហរណកម្ម​សេដ្ឋកិច្ចនៅក្នុងតំបន់ ​និងពិភពលោក ​ជាពិសេសតាមរយៈការចចារពាណិជ្ជកម្មសេរីពហុភាគី ទ្វេរភាគី ​និងប្រទេសជាដៃគូផ្សេងៗទៀត។

...

គួរជម្រាបដែរថា​ ​ចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាងកម្ពុជា-កូរ៉េ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print