រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក Graeme John BUCKLEY នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ, នាថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក Graeme John BUCKLEY ជានាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើការតុលាការការងារ  និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងអង្គការ ILO ក្នុងការរៀបចំតុលាការការងារនេះនៅកម្ពុជា។

ក្នុងជំនួបនេះ, លោករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីទិដ្ឋភាពជារួមនៃប្រព័ន្ធតុលាការកម្ពុជា ក៏ដូចជាសមត្ថកិច្ចរបស់តុលាការក្នុងការដោះស្រាយវិវាទការងារ នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ, លោករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា មានទិសដៅជាអាទិភាពមួយ គឺការរៀបចំដាក់ឱ្យដំណើរការតុលាការជំនាញបន្ថែមទៀត ដូចជា តុលាការការងារ តុលាការពាណិជ្ជកម្ម ជាដើម។ តុលាការជំនាញទាំងនេះ គឺត្រូវរៀបចំឡើងដើម្បីផ្តល់សេវាយុត្តិធម៌ឱ្យកាន់តែឆាប់រហ័ស ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងទទួលបាននូវជំនឿទុកចិត្តពីសាធារណជន។ ដើម្បីអាចដាក់ឱ្យដំណើរការតុលាការការងារមួយ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងទទួលបាននូវជំនឿទុកចិត្តពីសាធារណជនបាន គឺត្រូវផ្អែកលើសសរស្តម្ភសំខាន់ចំនួន ៣ រួមមាន :

(១)-ការរៀបចំធនធានមនុស្ស ដែលមានជំនាញពាក់ព័ន្ធនឹងវិស័យការងារ ជាពិសេស ចៅក្រមដែលមានជំនាញដោះស្រាយវិវាទការងារ ក៏ដូចជា ក្រឡាបញ្ជី និងមន្រ្តីតុលាការផ្សេងទៀត, 

(២)-ការរៀបចំក្របខ័ណ្ឌច្បាប់ ទាំងផ្នែកច្បាប់សារធាតុ ទាំងផ្នែកច្បាប់នីតិវិធី

 និង(៣)-ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្នែកបច្ចេកទេស ដើម្បីអាចរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ជាអាទិ៍ អគារតុលាការ និងដើម្បីធានាដល់ការអនុវត្តសសរស្តម្ភទី១ និងទី២ ខាងលើផងដែរ។ ទន្ទឹមនេះ, លោករដ្ឋមន្រ្តី បានស្នើដល់អង្គការ ILO ពិនិត្យលទ្ធភាពក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រនានា តាមរយៈ ការបង្កើត និងអនុវត្តនូវគម្រោងរួមគ្នា រវាងក្រសួងយុត្តិធម៌ និងអង្គការ ILO ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីសម្រេចបាននូវសសរស្តម្ភទាំង ៣ ខាងលើ សំដៅធានាដល់ការដាក់ឱ្យដំណើរការនូវតុលាការការងារនេះប្រព្រឹត្តទៅដោយរលូន នៅពេលខាងមុខ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print