ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសាលាក្រៅ
បានឱ្យដឹងថា នៅវេលាម៉ោង១និង៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណី (រវាងរថយន្តសាំយ៉ុងនឹងម៉ូតូដែលបើកបរបញ្ច្រាសទិសគ្នា)នៅមុខខ្លោងទ្វារវត្តអូរអឹល ស្ថិតនៅក្នុងភូមិអូរអឹល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់០២នាក់និងខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល ។
ជនរងគ្រោះមាន១-អ្នកបើកបរម៉ូតូ ឈ្មោះ ង៉ែន វិត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកសង់កូរ៉េ (ចាស់) ក្នុងទិសដៅពីកើតទៅលិចត្រូវបានរថយន្តសាំយ៉ុងដែលបើកបរពីលិចទៅកើតបុកបណ្តាលឱ្យរងរបួសធ្ងន់បាក់ភ្លៅខាងស្ដាំម្នាក់។ រីឯអ្នករួមដំណើរជាមួយមិនស្គាល់ឈ្មោះ តែជាជនពិការ(សន្លប់)។
សមត្តកិច្ចបានបន្តថា អ្នកបើកររថយន្តបង្កម៉ាកសាំយ៉ុងបានបើករត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ដែលបើកបរពីលិចទៅកើត (រថយន្តបែកកញ្ចក់ខាងស្ដាំ)។
មូលហេតុនៃការគ្រោះថ្នាក់នេះគឺបណ្ដាលមកពីកត្តាមនុស្សបើកបរក្នុងស្ថានភាពស្រវឹង(អ្នកបើកម៉ូតូ) និងករណីអ្នកបើកបរម៉ូតូមិនមានភ្លើងបំភ្លឺផ្លូវទាំងមុខទាំងក្រោយបើករេចង្កូតពេញផ្លូវបណ្ដាលឱ្តរថយន្តបុកដួលនៅលើផ្លូវជាតិលេខ៥៧តែម្ដង។
សមត្តកិច្ចជំនាញមូលដ្ឋានបានបន្តទៀតថា ក្រោយពីកើតហេតុជនរងគ្រោះទាំង០២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកបញ្ជូនទៅព្យាបាល ចំណែកម៉ូតូខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់។ ក្នុងករណីនេះកម្លាំងជំនាញអធិការដ្ឋានស្រុក និងប៉ុស្តិ៍រដ្ឋបាលកំពុងបញ្ចេញកម្លាំងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមនីតិវិធី៕ ដោយ,ស សារ៉េត