ភ្នំពេញ : នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ
រដ្ឋសភាជាតិ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ថា, ជាលទ្ធផលការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសមាជិករដ្ឋសភាសរុប១១១រូប។
នៅក្នុងកិច្ចប្រជុំពេញអង្គនេះ លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលរដ្ឋ ត្រូវបានសមាជិករដ្ឋសភា ១១១/១១១រូប បោះឆ្នោតគាំទ្រជាឯកច្ឆ័ន ផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។
ការស្នើនេះធ្វើឡើងដោយយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មាត្រា២១ បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើផ្លាស់ប្តូរ និងជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលនោះ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ។
សូមបញ្ជាក់ថា លោក ឌិត ទីណា ជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល។ លោក ឌិត ទីណា កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នៅសង្កាត់លេខ១ ក្រុងភ្នំពេញ។
លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។
លោក ឌិត ទីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យា ពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០ និងបញ្ចប់សញ្ញាបត្រវិស្វកររ៉ែ ពី Ecole Nationale Superieure des mines de Paris នៅឆ្នាំ២០០២។
លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់ទម្លាយថា ជាអ្នកពូកែលេងអុកមួយរូបផងដែរ។
តាមរយៈតួនាទី និងការងារខាងលើនេះ លោក ឌិត ទីណា ធ្លាប់បានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យតាមដងទន្លេ, ដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយជាតិ ស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨, ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងដឹកនាំតាក់តែងច្បាប់ ស្តីពីទំនិញសម្គាល់ភូមិសាស្ត្រជាដើម។
សូមរម្លឹកថា, មកដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្នុងចំណោមរដ្ឋមន្ត្រី២៩រូប នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីវ័យ ៤០ស្តើង នឹងមានចំនួន៣រូប សុទ្ធតែមានចំណេះដឹង បទពិសោធន៍ រួមមាន៖
ទី១៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អតីតសិស្សពូកែច្បាប់ពីប្រទេសបារាំង លោកកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩។
ទី២៖ លោក ឌិត ទីណា ត្រូវបានរដ្ឋសភាបោះឆ្នោះផ្តល់សំឡេងគាំទ្រ១១១លើ១១១ បានកាន់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយលោក អតីតនិស្សិតវិស្វកររ៉ែ និងរូបវិទ្យាមកពីបារាំង កើតនៅថ្ងៃ០៧ ខែមករា ១៩៧៩។
ទី៣៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន អតីតនិស្សិតផ្នែកជីវវិទ្យាពីអូស្ត្រាលី កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨០។ មកដល់ពេលនេះ លោក សាយ សំអាល់ នៅតែរដ្ឋមន្ត្រីវ័យក្មេងជាងគេនៃគណៈរដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា, នៅព្រឹក ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំសភា ក្នុងការបោះឆ្នោតជ្រើសតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាកម្ពុជានាព្រឹកមិញនេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសំឡេង១១១ លើ១១១។
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិករដ្ឋសភាសរុប១១១រូប។
លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។ ការស្នើនេះធ្វើឡើងដោយយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មាត្រា២១ បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើផ្លាស់ប្តូរ និងជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលនោះ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ៕
ដោយ : សុខ ខេមរា