ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា យុវជនចំនួន ០៦នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកបាណន់ ចាប់បញ្ជូនខ្លួនទៅមណ្ឌលកែប្រែ ដើម្បីធ្វើការអប់រំ។
របាយការណ៍ដដែលបន្តថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីរសៀលថ្ងៃទី១៣ ខែតុលាម្សិលមិញនេះ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះនាំខ្លួនជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១០នាក់ប្រុស យកមកធ្វើតេស្តរកសារធាតុញៀន (តេស្តទឹកនោម) នៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ។
ជាលទ្ធផលរកឃើញអ្នកវិជ្ជមាន ចំនួន ០៦នាក់រួមមាន៖ ១.ឈ្មោះ វ៉ន ប៊ួយ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ២.ឈ្មោះ ផាន ចាន់ណា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ៣.ឈ្មោះ ម៉ាន់ វ៉ាន់ដា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ៤.ឈ្មោះ ណាត វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ៥.ឈ្មោះ អ៊ុំ សុគុន្ធារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និង៦.ឈ្មោះ យឹម ហេង ហៅ ចែ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សូមជម្រាបជូនថា ករណីនេះ កម្លាំងនគរបាលស្រុក បានកសាងសំណុំរឿងបញ្ជូនជនទាំង០៦នាក់ ខាងលើនេះទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀន៕ដោយ៖សហការី