រុស្ស៊ីបានឡើងគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៃកម្លាំងបរមាណូរបស់ប្រទេសនេះចំពេលដែលស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹង។ អាមេរិកនិងសម្ព័ន្ធមិត្តកំពុងប្រឈមបញ្ហាក្នុងការកំណត់ឱ្យបានច្បាស់ថា រវាងការធ្វើសមយុទ្ធ នឹងការវាយប្រហារពិត ។
រុស្ស៊ី តែងតែធ្វើសមយុទ្ធកម្លាំងបរមាណូជារៀងរាល់ឆ្នាំ ប៉ុន្តែមន្ត្រីអាមេរិក និងលោកខាងលិចបានព្យាករថា ការធ្វើសមយុទ្ធឆ្នាំនេះនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ក្នុងនោះមានទាំងការបាញ់មីស៊ីលអន្តរទ្វីបផងដែរ។
ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោកពូទីន បានព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធបរមាណូ ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួនក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ។ ប្រទេសលោកខាងលិចបារម្ភថា ទីក្រុងមូស្គូ អាចនឹងឈានដល់ដំណាក់កាលប្រើប្រាស់អាវុធប្រល័យលោកមួយនេះ។
ការធ្វើសមយុទ្ធរបស់រុស្ស៊ីមានឈ្មោះថា Grom ដោយបានដំណើរការកម្លាំងបរមាណូ យុទ្ធសាស្ត្រ ។ នៅក្នុងការសាកល្បងលើកនេះ រុស្ស៊ីនឹងប្រើប្រាស់មីស៊ីល៥ដើមក្នុងការវាយប្រហារទៅលើគោលដៅ ។ ប៉ុន្តែក្រុមអ្នកឯកទេសសន្តិសុខអាមេរិកយល់ឃើញថា រុស្ស៊ីអាចនឹងប្រើប្រាស់គោលដៅនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីវាយប្រហារនៅក្នុងសមយុទ្ធនោះតែម្តង ៕ ដោយធីរីណា
រូបថត : tienphong