ខេត្តកណ្តាល : នៅរសៀលថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអមដំណើរ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជូនដល់គ្រួសារសពទាំង១១គ្រួសារ និងអ្នកនៅរស់រានជីវិតចំនួន០៤នាក់ មានដូចខាងក្រោម៖
១-ព្រះរាជអំណោយសម្រាប់គ្រួសារសព ក្នុង០១គ្រួសារទទួលបាន៖
-អង្ករ១០០គ.ក្រ
-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស៨ម៉ែត្រ)
-ត្រីខ ៤០កំប៉ុង
-មី៦កេសតូច
-ថវិកា៨០០,០០០រៀល។
២-អ្នករស់រានមានជីវិតទទួលបានក្នុងម្នាក់ៗ៖
-អង្ករ១០០គ.ក្រ
-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស៨ម៉ែត្រ)
-ត្រីខ ៤០កំប៉ុង
-មី៦កេសតូច
-ថវិកា៤០០,០០០រៀល។
សូមបញ្ជាក់ថា, ករណីលិចទូកចម្លងនេះ បណ្តាលអោយសិស្សានុសិស្ស ចំនួន១១នាក់ បានស្លាប់ និង៤នាក់ ជីវិតថ្លៃបានរួចផុត ពីគ្រោះថ្នាក់នេះ ហើយប្រតិបត្តិការត្រូវបានបញ្ឈប់ធ្វើការរាវរុករក អន្តរាគមន៍ បន្ទាប់ពីសពទី១១ ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៣ឆ្នាំ ត្រូវបានរកឃើញ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ។ ក្រោយមកសមត្ថកិច្ចឃាត់ខ្លួនមនុស្យ៣ យកមកធ្វើការសាក ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឱ្យដឹងថា ខ្លួនជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
ទី១៖ ឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ
ទី២៖ ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដរ
និងទី៣៖ ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក។
លោកស្នងការខេត្តកណ្តាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលកម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេត ហើយឈានទៅដល់ការឃាត់ខ្លួនម្ចាស់ និងអ្នកបើកទូកចំនួន៣ ដើម្បីឱ្យទទួលខុសត្រូវលើករណីនេះ ចាត់វិធានការផ្លូវច្បាប់ ហើយក៏ការជាព្រមានដល់ម្ចាស់ទូកដទៃទៀត ឱ្យមានស្មារតីប្រុងប្រយ័ត្នចំពោះអាជីវកម្មរបស់ខ្លួន»។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគូសបញ្ជាក់ថា ហេតុការណ៍លិចទូកដនេះ អាចកើតមកពីការខ្វះនូវការទទួលខុសត្រូវ និងភាពធ្វេសប្រហែសរបស់ម្ចាស់ទូកផ្ទាល់តែម្តង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសរបស់កម្លាំងនគរបាលខេត្ត ក៏ដូចជាកម្លាំងជំនាញក្រសួងមហាផ្ទៃ ដែលបានចុះមកពិនិត្យដោយផ្ទាល់ គឺបានរកឃើញថាទូកដឹកកូនសិស្សដែលលិចនេះ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្នែកខាងក្នុងបានពុក ជ័រទឹកក៏បានស្ងួតប្រេះ ដូច្នេះ មិនអាចមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្ម ៕
ដោយ : សិលា