ខេត្តព្រះវិហារ៖ បេីយោងតាមការបញ្ជាក់របស់លោក ម៉ប់ ធីរិទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃសៅរ៍ទី១៥ ខែតុលា ឆ្នាំ២០២២នេះថា៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី និងក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារបានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវ អណ្តូងទឹក បង្គន់អនាម័យជាដើម ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារកន្លងមកនេះ។
លោកប្រធានមន្ទីរខេត្តរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ នៅក្នុងខេត្តព្រះវិហារមានផ្លូវជនបទដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងមានចំនួន ៥ខ្សែ នៅក្នុងនោះកំណាត់ផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរជាងគេមានប្រវែង ១០គីឡូម៉ែត្រតភ្ជាប់ពីភូមិស្វាយ ឃុំរសណសិរ្ស ស្រុកសង្គមថ្មីខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ ស្ថិតក្នុងភូមិទាមអាទិត្យ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។ ក្រុមការងារបានពិនិត្យឃើញថា កំណាត់ផ្លូវប្រវែង ១០គីឡូម៉ែត្រនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ទៅកាន់ទីផ្សារជាពិសេសដំឡូង ពីខេត្ត ព្រះវិហារទៅកាន់ខេត្តកំពង់ធំ ជាផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីផ្សារ មន្ទីរពេទ្យ និងសាលារៀនជាដើម។ កំណាត់ផ្លូវប្រវែង ១០គីឡូម៉ែត្រខាងលើនេះរងការខូចខាតប្រមាណ ១គីឡូម៉ែត្រដោយទឹកហូតកាត់ជាច្រើនកន្លែង។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ និងកំពុងប្រកបរបរកសិកម្មដាំដំឡូង បានស្នើសុំតាមរយៈក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ គោរពស្នើសុំលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជួយធ្វើផ្លូវនេះឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថាផ្លូវនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។
ជាមួយគ្នានោះ លោក គឹម រិទ្ធី តំណាងឱ្យប្រជាពលរដ្ឋក៏បានគោរពស្នើសុំលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាជួយធ្វើផ្លូវនេះឡើងវិញឲ្យបានឆាប់ ដើម្បីជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋ។ លោក ជ្រុន ថេរ៉ាវ៉ាត ក៏បានទទួលយកសំណូមពរនេះពីប្រជាពលរដ្ឋ និងពីលោក គឹម រិទ្ធី ផងដែរ ដើម្បីជម្រាបជូនលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មេត្តាជ្រាប និងពិនិត្យលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់បំផុត។
បន្ថែមពីនេះ លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធដែលបានសហការគ្នាយកឈើ ក្តារ ឈូសឆាយ និងសែងដីចាក់ ធ្វើជាស្ពានឈើតូចមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ និងបានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាខន្តី អត់ធ្មត់បន្តិច ដោយទុកពេលជូនថ្នាក់ដឹកនាំក្រសួង ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាពដោះស្រាយជូនតាមសំណើរបស់ប្រជាពលរដ្ឋ៕ ដោយ៖សហការី