ភ្នំពេញ : នាថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា, លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានដឹកនាំកិច្ចពិគ្រោះយោបល់កម្រិតវិស័យ ស្តីពីការអភិវឌ្ឍវិស័យសេដ្ឋកិច្ចប្រកបដោយចីរភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពី លោក Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ផ្នែកអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈប្រតិភូ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ), លោក រ៉ិត វុទ្ធី អគ្គលេខាធិការរង គ.ជ.នា, និង លោក លោកស្រី ដែលជាតំណាងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ក៏ដូចជាមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបទាំងអស់ប្រមាណ ២០ រូប ។ គោលដៅចម្បងនៃកិច្ចប្រជុំ គឺពិនិត្យវឌ្ឍនភាព ទិសដៅ និងអាទិភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ពិសេសលើកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម, លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Udon Weber និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុង ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើវិស័យអាទិភាពចំនួន៤ (សុខាភិបាល និងគាំពារសង្គម, អភិវឌ្ឍន៍ជនបទ, អភិបាលកិច្ច និងថាមពល និងអាកាសធាតុ) ដែលមានសង្គតិភាពយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល កម្ពុជា និងរបៀបវារៈឆ្នាំ២០៣០ របស់អាល្លឺម៉ង់ ។ ទន្ទឹមនឹងនេះ, លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ដែលបានរួមចំណែកក្នុងកិច្ចអភិវឌ្ឍរបស់កម្ពុជា ជាពិសេសតាមរយះកម្មវិធី ICONE ដែលជាគម្រោងអនុវត្តបន្តបន្ទាប់ពីកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ (RED-IV) បានបញ្ចប់ ។
កម្មវិធី ICONE បានលើកកម្ពស់ភាពប្រកួតប្រជែង និងទំនើបកម្មសេដ្ឋកិច្ច សមត្ថភាពនាំចេញ និងការពង្រីកទីផ្សារ ប្រកបដោយជវភាពនៅកម្ពុជា ជាពិសេសរួមចំណែកដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ។
លោក Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ផ្នែកអាស៊ីអាគ្នេយ៍ និងជាប្រធានគណះប្រតិភូនៃ ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានថ្លែងអំណរគុណ និងសម្ដែងនូវ សេចក្តីសោមនស្ស ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា និងកិច្ចសហ ប្រតិបត្តិការក្នុងវិស័យអាទិភាពទាំង ៤ ។ លោក ក៏បានលើកឡើងអំពីការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការចូលរួម ចំណែកអភិវឌ្ឍន៍កម្ពុជា តាមរយះគម្រោងអភិវឌ្ឍន៍នានា ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដូចជា កម្មវិធីស្តីពីការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហត្រាសនៅកម្ពុជា ។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងកំណត់ទិសដៅ និងអាទិភាពសម្រាប់កម្មវិធី ICONE ដំណាក់ កាលទី ២ ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពផ្ដោតចម្បង លើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ដែលផ្តោតលើការបន្តគាំទ្រដល់វិស័យឯកជន និងការធ្វើពិពិធកម្ម និងទំនើបកម្មសេដ្ឋកិច្ចកម្ពុជា តាមរយះការពង្រឹង ផលិតភាព, ប្រសិទ្ធភាព និងលទ្ធភាពនវានុវត្តន៍របស់សហគ្រាសធន់តូច និងមធ្យម ។ ក្នុងដំណាក់កាលទី២ កម្មវិធីកំនឹង ពង្រឹងដល់ការបណ្តុះបណ្តាលបច្ចេកទេស ដោយបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងលើក កម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីវិស័យឯកជន ដើម្បីពង្រីកទីផ្សារ និងសេដ្ឋកិច្ចកម្ពុជាឱ្យមានវឌ្ឍនភាព ឈានឡើង និងជវភាពស្របតាមនិន្នាការក្នុងតំបន់ និងសកល ។
សូមបញ្ជាក់ដែរថា កិច្ចពិគ្រោះយោបល់កម្រិតនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២២ ដើម្បីពិនិត្យ ជារួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងគ្រប់វិស័យ និងទិដ្ឋភាពនានាដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកម្ពុជា អាល្លឺម៉ង់ ក៏ដូចជាពិនិត្យលើសំណើគម្រោងថ្មី និងគម្រោងអនុវត្តបន្តក្នុងបណ្តាឆ្នាំខាងមុខសម្រាប់ភាគីអាល្លឺម៉ង់ពិចារណា បន្តផ្តល់ការគាំទ្រក្នុង ឆ្នាំ២០២៣ ខាងមុខ ៕
ដោយ : សិលា