រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងគៀវ បានសម្រេចដោះដូរឈ្លើយសឹកប្រមាណ២០០នាក់ក្នុងនោះមានទាហានស្រី១០០នាក់របស់អ៊ុយក្រែន ។
សារព័ត៌មាន Rossiyskaya Gazeta របស់រុស្ស៊ីបានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឱ្យដឹងនៅថ្ងៃទី១៧ខែតុលាថា ប្រទេសទាំងពីរបានសម្រេចដោះដូរឈ្លើយសឹកជាមួយគ្នា។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា «នៅថ្ងៃទី ១៧ខែតុលា មានទាហាននិងពលរដ្ឋរុស្ស៊ីចំនួន១១០នាក់ត្រូវបានដោះលែងឱ្យវិលត្រឡប់មកប្រទេសរុស្ស៊ីវិញ ក្នុងនោះមាននាវិក៨០នាក់មានទាំងជនស៊ីវិល និងកម្លាំងទាហាន៣០នាក់ ដែលត្រូវអ៊ុយក្រែនចាប់ឃុំខ្លួនកាលពីខែកុម្ភៈឆ្នាំ២០២២»។
ពលរដ្ឋរុស្ស៊ីដែលបានដោះលែងនោះនឹងទៅកាន់ទីក្រុងមូស្គូតាមជើងហោះហើររបស់កម្លាំងទាហានអាកាសរុស្ស៊ី ។ អ្នកទាំងនោះទទួលបានការថែទាំសុខភាពជាពិសេសដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវស្មារតី បញ្ចប់ការភ័យខ្លាច ។
ជាមួយគ្នានោះរុស្ស៊ីក៏បាន ដោះលែងឈ្លើយសឹកអ៊ុយក្រែន ១០៨នាក់ គឺជាទាហានស្រីទាំងអស់ ។ តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី ក្នុងចំណោមទាហានស្រីទាំងនោះមាន២នាក់ មិនព្រមទៅកាន់អ៊ុយក្រែនវិញឡើយ ដោយសុំទៅរស់នៅក្នុងប្រទេសរុស្ស៊ី។
ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានប្រកាសថា ទាហានស្រីអ៊ុយក្រែនត្រូវបានចាប់ខ្លួនធ្វើក្នុងពេលទាហានរុស្ស៊ីវាយប្រហារដណ្តើមគ្រប់គ្រងរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុងកំពង់ផែ Mariupol កាលពីខែឧសភាឆ្នាំ២០២២។
តាមការប្រកាសរបស់ក្រសួងការពារជាតិអ៊ុយក្រែន ប្រទេសនេះមានទាហានស្រី៤ម៉ឺននាក់ ក្នុងនោះមាន៥ពាន់នាក់បានចូលរួមក្នុងសមរភូមិសង្គ្រាមជាមួយរុស្ស៊ី។ កាលពីថ្ងៃទី២១ខែកញ្ញា រុស្ស៊ីនិងអ៊ុយក្រែនក៏បានដោះដូរឈ្លើយសឹក ប្រមាណ៣០០នាក់ផងដែរ៕ ដោយធីរីណា
រូបថត : baotintuc.vn