សភាពទឹកជំនន់បានស្រកបណ្តើរៗ រដ្ឋបាលស្រុកកំពង់ស្វាយ បានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានក្រាលគ្រួសក្រហមប្រវែងជាង១ម៉ឺនម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយបានលើកឡើងថា សភាពទឹកជំនន់បានស្រកបណ្តើរៗហើយ តែយ៉ាងណាមិញរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស ដើម្បីជូនប្រជាពលរដ្ឋធ្វើដំណើរប្រើប្រាស់ឱ្យបានងាយស្រួល ។ ក្នុងការកែលម្អផ្លូវក្រាលគ្រួសក្រហមប្រវែង ១១.៤៩០ម៉ែត្រ និងប្រព័ន្ធលូ២កន្លែង ជូនប្រជាពលរដ្ឋ ក្នុងភូមិស្នោ ភូមិប្រាសាទ ភូមិល្វៃ ភូមិថ្នល់បែក និងភូមិថ្នល់បែក(ក) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។

ការលើកឡើងនេះនាឱកាសលោកអភិបាលស្រុកកំពង់ស្វាយ មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋជិត១០០នាក់ចូលរួមបើកការដ្ឋានគម្រោងមូនិតិឃុំឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ។

លោក អ៊ុត វណ្ណរ៉ា បានបន្តថា បច្ចុប្បន្ននេះពីផ្លូវដី មកក្លាយជាផ្លូវក្រាលគ្រួសក្រហម អោយក្លាយជាផ្លូវបេតុង ឬអ៊ុតកៅស៊ូ នាខាងមុខនេះតាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាតវៃ គឺសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ហើយផ្លូវស្រួល គឺបានកាត់បន្ថយផលពិបាក ជាច្រើន មកក្លាយជាមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពីជនបទមកកាន់ទីប្រជុំជន ។

លោកអភិបាលស្រុកកំពង់ស្វាយបានបន្ថែមថា សូមប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានត្រូវបញ្ឈប់ប្រព្រឹត្តលែងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន មានន័យថា «អង្គុយលេងល្បែង អាជ្ញាធរ មានសមត្ថកិច្ចប្រមាញ់ចាប់បង្ក្រាបជាដាច់ខាន»។ ផ្លូវល្អ ផ្លូវមានគុណភាពល្អ ប្រព័ន្ធរំដោះទឹកត្រឹមត្រូវ គឺជាកត្តាស្ថាបនាសាងសង់ រួមផ្សំជាមួយការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ក្នុងមូលដ្ឋានថែទាំ និងថែរក្សាឱ្យបានល្អ ។

លោកអភិបាលស្រុកកំពង់ស្វាយបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងលិចលង់ដោយសារទឹកជំនន់ ក៏បានទទួលនូវស្បៀងអារហារ និងគ្រាប់ពូជស្រូវពីប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ។ សូមប្រជាពលរដ្ឋមានលំនៅដ្ឋានជាប់ផ្លូវ ក៏ត្រូវចូលរួមចំណែកខ្លះៗ គឺទុកចំណីផ្លូវអោយធំទូលាយ ពេលណាផ្លូវធំល្អ ការធ្វើដំណើរងាយស្រួល ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានសង្គត់ធ្ងន់ៗថា ផ្លូវទាំងអស់នេះជា ផ្លូវកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនរបស់បុគ្គលណាម្នាក់ឡើយ ហើយមិនមែនជាផ្លូវរបស់ មេភូមិ មេឃុំ ចៅហ្វាយអភិបាលស្រុក មន្ត្រីរាជការ កម្លាំងនគរបាល កម្លាំងអាវុធហត្ថឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋថែរក្សារទាំងអស់គ្នា ។ បើបងប្អូនប្រជាពលរដ្ឋមិនចូលរួមថែទាំទេ កុំថាឡើយផ្លូវគ្រួសក្រហម ផ្លូវបេតុង ផ្លូវអ៊ុតកៅស៊ូ ក៏វាមិនដែលប្រើប្រាស់បានគង់វង្សយូអង្វែងដែរ ។

ដោយឡែកប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវជាច្រើនខ្សែខាងលើនេះ គឺមានការឆ្លងកាត់ពិបាកខ្លាំងណាស់នាកន្លងមកនេះ ជាពិសេសរដូវវស្សាតែម្តង រអិលដួលផងដែរ ដូច្នេះពួកគាត់សូមអរគុណដល់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោហ៊ុន សែន បានផ្តល់នូវកាដូផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ ក្នុងភូមិរបស់ពួកគាត់ធ្វើដំណើរកាន់តែស្រួល៕

...

ដោយ៖ មន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print