ខេត្តកណ្តាល៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងគេហទំព័រ MS (MEAS SORA NEWS, SUNDAY TV ONLINE ) បានចុះផ្សាយថា ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងជល់មាន់ នៅក្នុងកាស៊ីណូ GRAND DRAGON និង GALAXY ខណៈរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេស ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឲ្យបានជ្រាបថា ចំពោះទីតាំង កាស៊ីណូ (ហ្រ្គេនដ្រាហ្គនរីសត) ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល គឺជារបស់ក្រុមហ៊ុន ដាយឡុង ខូលអិលធីឌី ដែលបានអជ្ញាបណ្ណកាស៊ីណូ លេខ ០៣៩ គលក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានសុពលភាព ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ។
ចំណែកទីតាំង កាស៊ីណូ កាឡាក់ស៊ីជ្រៃធំ ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល គឺជារបស់ក្រុមហ៊ុន អេស៊ា អិល.ធី.ភី.អេស ឯ.ក ដែលបានអជ្ញាបណ្ណកាស៊ីណូ លេខ ០៨៥ គលក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានសុពលភាព ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ព្រមទាំងមានប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២២ អ្នកជាប់ពន្ធធំ ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ៕ ដោយ៖សហការី