ភ្នំពេញ : សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោក ឧត្តមសេនីយ៍ឯកបម្រុង វ៉មីញលឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នៅទីស្ដីការក្រសួងការពារជាតិ នាទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ ក្នុងឱកាសដែល លោកដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់របស់ក្រសួងការពារប្រទេសវៀតណាម អញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅលើទឹកដីព្រះរាជាណាចារ្យកម្ពុជា ។ ក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ ឯកបម្រុង វ៉ មីញលឿង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអនុញ្ញាតដល់គណៈប្រតិភូយើងបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ។
លោក វ៉ មីញលឿង បានគោរពនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារ
ប្រទេសវៀតណាម ជូនចំពោះសម្ដេចពិជ័យសេនា និងបានគោរពវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងការអភិវឌ្ឍ របស់កម្ពុជា ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ-១៩ បានបង្កភាពរអាក់រអួល ដល់ការអាក់ខាន នៃដំណើការអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការមួយចំនួន រវាងក្រសួងការពារជាតិទាំងពីរ ពិសេសកងទ័ពប្រទេសយើងទាំងពីរ ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សម្ដេច បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសយើងទាំងពីរ ជាពិសេសសម្ដេចផ្ទាល់ ជាមួយនឹងរដ្ឋមន្ត្រីការពារប្រទេស រួមនិងថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាម តែងតែបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ zoom ក្នុងរយៈពេលកន្លងមក ដើម្បីធ្វើយ៉ាងណាបន្តរក្សាបានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងស្ថាបននៃប្រទេសទាំងពីរ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានយកឱកាសនេះ សំដែងការអបអរសាទរចំពោះការប្រារព្ធព្រឹត្តិការណ៍កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅ នៅទីតាំងកោះថ្ម ( X 16 ) ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលជាទីតាំងប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមដំណើរការឆ្ពោះទៅរកការតស៊ូក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវក្តីរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ។ នឹងបានស្ដាប់ខ្លឹមសារដ៏មានសារៈសំខាន់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។
សម្ដេច ក៏បានសម្ដែងការអបអរសាទរ និងជូនពរឯកឧត្តមឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង ដែលត្រូវបានប្រមុខរដ្ឋាភិបាលវៀតណាម តែងតាំង និងតម្លើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ឯកបម្រុង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម កាលពីពេលថ្មីៗកន្លងទៅនេះ ដែលនេះគឺបានឆ្លុះបញ្ចាំងឲ្យឃើញពីស្នាដៃ និងគុណសម្បត្តិរបស់លោក ចំពោះប្រជាជន និងសង្គមជាតិវៀតណាម ។ សម្ដេចពិជ័យសេនា ក៏បានជូនពរលោក វ៉ មីញលឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ច ។ សម្ដេចពិជ័យសេនា ក៍បានយកឱកាសនេះផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរព ស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់សម្ដេច រួមនិងថ្នាក់ដឹកនាំទាំងអស់នៃកងយោធៈពលខេមរៈភូមិន្ទ តាមរយៈលោក អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ផ្ញើជូនលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់នៃក្រសួងការពារជាតិវៀតណាម ក្នុងឱកាសនេះផងដែរ ។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង បានគោរពជម្រាបជូនសម្ដេចពិជ័យសេនាថា លោក និងប្រតិភូ មកកាន់កម្ពុជា លើកនេះ គឺស្របពេល នឹងខួប ៥៥ឆ្នាំ បៃទំនាក់ទំនងការទូត រវាងកម្ពុជា និងវៀតណាមផង និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពតផង ។ ហើយលោក សូមសំដែងការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច អំពីការខកខានយន្តការនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសនៃកងទ័ពទាំងពីរ ក្នុងរយៈពេលកំឡុងជាងពីរឆ្នាំកន្លងមកដោយសារវិបត្តិនៃជំងឺរាតត្បាតជាសាកលកូវីដ-១៩ ។ លោក ក៏បានសម្ដែងនូវការគាំទ្រ និងឯកភាពផងដែរ ថាតើបើទោះបីប្រទេសយើងទាំងពីរ មានបញ្ហាប្រឈមនៃវិបត្តិនេះយ៉ាងណាក៏ដោយ ក៍ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ នៅតែបន្តខិតខំរិះរកគ្រប់វិធីសាស្រ្ត ក្នុងការរក្សាទំនាក់ទំនង និងការបង្កើនភាពចិត្តស្និទ្ធទៅវិញទៅមក ជាពិសេសលោក សូមអបអរសាទរចំពោះការចូលរួមចំណែករបស់កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាការរួមចំណែកមួយយ៉ាងធំធេង និងមានសារៈសំខាន់ដើម្បីឈានទៅបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីស្ថានការណ៍នៃរោគរាតត្បាតនេះបានធូរស្បើយ ៕
ដោយ : សហការី