ការផ្តល់ជំនួយយ៉ាងខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោនដល់រដ្ឋាភិបាលទីក្រុងគៀវ សម្រាប់ទប់ទល់ជាមួយរុស្ស៊ីនៅក្នុងសង្គ្រាមនឹងត្រូវកាត់បន្ថយប្រសិនបើគណបក្សសាធារណរដ្ឋទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយគ្រប់គ្រងរដ្ឋសភានោះ ។ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនឹងធ្វើឡើងនៅថ្ងៃទី ៨ខែវិច្ឆិកាឆ្នាំ២០២២។
ក្រុមអ្នកនយោបាយរិះគន់រុស្ស៊ីខ្លាំងជាងគេនៅក្នុងគណបក្សសាធារណរដ្ឋក៏បានទទួលស្គាល់ថា នឹងមានការផ្លាស់ប្តូរពីជំនួយដល់ប្រទេសអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ ប្រមុខដឹកនាំក្រុមសំលេងភាគតិចនៅក្នុងរដ្ឋសភា អាមេរិក លោក Kevin McCarthy បានលើកឡើងថា «ខ្ញុំគិតថា អ្នកទាំងអស់គ្នានឹងធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ច ហើយពលរដ្ឋនឹងមិនអនុញ្ញាតឲ្យបន្តផ្តល់ជំនួយដល់អ៊ុយក្រែននោះឡើយ»។
លោក Kevin McCarthy បន្តទៀតថា អ៊ុយក្រែនគឺជាបញ្ហាសំខាន់ ប៉ុន្តែវាមិនសំខាន់តែមួយគត់នៅក្នុងរដ្ឋាភិបាលនោះឡើយ នៅមានបញ្ហាសំខាន់ជាច្រើនផ្សេងទៀត ។ ក្នុងពេលនេះដែរតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ លោក Don Bacon ក៏បានលើកឡើងផងដែរថា ពិតជាមានការថយចុះក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ។
ក្នុងពេលនេះដែរប្រទេសលោកខាងលិចហាក់បីដូចជាបន្ថយក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែន ដោយសារតែការផ្តល់ជំនួយទាំងនោះមិនអាចរារាំងរុស្ស៊ីបានឡើយ។ ផ្ទុយទៅវិញ លោកខាងលិចត្រូវខាតបង់ជាច្រើនដោយការជួយដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មទៅលើរុស្ស៊ី៕ ដោយធីរីណា
រូបថត : TTXVN-VNA