ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Kim Jungmo ប្រធានក្រុមការពារសន្តិសុខប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងធ្វើបទបង្ហាញស្តីពី ផែនការការពារគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ (ថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២) នៅនាយកដ្ឋានអង្គរក្ស ។
ក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានធ្វើបទបង្ហាញលម្អិតអំពីផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានត្រៀមមធ្យោបាយ សម្ភារៈគ្រប់គ្រាន់ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ចាប់តាំងពីអាកាសយានដ្ឋានអន្តរជាតិ រហូតដល់កន្លែងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ភាគីកម្ពុជា ត្រៀមខ្លូនរួចជាស្រេចដើម្បីសហការជាមួយភាគីកូរ៉េ បើសិនជាមានការស្នើសុំ ៕ដោយ៖សហការី