ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានបើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងបត់ត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តឡិចសុីសGX- 470 ពីចំហៀងចំកង់ខាងក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តឡិចសុីសដាច់កាឡេកង់ទៅមុខលេងរួច ចំណែករថយន្តតូយូតា ព្រូស ក៏បែកកង់និងដាច់ក្រឡេកង់ខាងមុខ ទៅមុខលែងរួចដូចគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ១៩៨៦ ក្បែរក្លឹបកម្សាន្ត(DOT) ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-7247 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តឡិចស៊ីស GX- 470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 AE-0513 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីរលិចទៅកើត ចំពីចំហៀងខាងឆ្វេងកង់ខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តឡិចស៊ីសដាច់ក្រឡេកង់ ទៅមុខលែងរួច ចំណែករថយន្តតូយ៉ូតា ព្រូស បែកកង់និងដាច់កាកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយពីបានសម្របសម្រួលគ្នាមួយសន្ទុះ ភាគីទាំងពីក៏បានព្រមព្រៀងគ្នា ដោយភាគីបង្ករបស់នារីរូបស្រស់ បានចេញសំណង ថ្លៃជួសជុលរថយន្តឡិចសុីស GX-470ឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ ៖ ភារ៉ា ដង្កោ