សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋជិត ៦ពាន់គ្រួសារហើយដែលស្ម័គ្រ​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រុនតាឯក

ចែករំលែក៖

ខេត្ត​សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានប្រកាសទុកដីមួយចំនួនសម្រាប់ឲ្យកសាងសាលាស្រុកបន្ទាយស្រី និងសាលាស្រុកអង្គរធំ ទៅក្នុងតំបន់រុនតាឯក និងពាក់ស្នែង។​ ចំពោះការសម្រេចរុះរើនេះគឺដោយសារតែសំណង់សាលាស្រុកទាំងពីរស្ថិតនៅក្នុងដីអភិរក្សអប្សរាដែលមិនអាចធ្វើការសាងសង់បន្ថែម។​ ការថ្លែងបែបនេះ​របស់​សម្ដេចតេជោ​ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​ទីលំនៅ​ពី​តំបន់រមណីយដ្ឋានអង្គរ មករុនតាឯក ស្រុកបន្ទាយស្រី ជាលើកទី៣ នៅព្រឹកថ្ងៃទី២១​ ខែតុលា​ ឆ្នាំ​២០២២នេះ។

សម្តេចតេជោ ក៏បានសំដែង​ការ​រីករាយ​ចំពោះ​ការ​ស្ម័គ្រ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​​ទាំងអស់​ដែល​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចេញ​មក​រស់​នៅ​រុន​តាឯកមាន​ជិត​ ៦ពាន់គ្រួសារហើយ។

នាយករដ្ឋមន្ត្រីកម្ពុជា​ ក៏បានប្រកាសចូលរួមជួយសាងសង់វត្តនៅភូមិរុនតាឯកចំនួន ១០ម៉ឺនដុល្លារ ចូលរួមជាមួយសប្បុរសជនមួយចំនួនដែលបានចូលរួមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីសាងសង់វត្តនៅតំបន់មួយនេះ។

ជាមួយគ្នានេះ​ អគ្គីសនីកម្ពុជា​ បានប្រកាសមិនយកថ្លៃតចរន្តអគ្គិសនីចូលផ្ទះពលរដ្ឋដែលរស់នៅក្នុងតំបន់រុនតាឯក និងពាក់ស្នែង ក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប។ ការមិនយកថ្លៃតចរន្តអគ្គិសនីនេះគឺអាចធ្វើឲ្យពលរដ្ឋអាចចំណេញជាង ៣ម៉ឺនរហូតទៅដល់ជាង ៣លានរៀល។ ខណៈ​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានគូសបញ្ជាក់ថា ការភ្ជាប់ចរន្តនេះគឺអគ្គិសនីកម្ពុជាអូសខ្សែត្រឹមមុខផ្ទះពលរដ្ខ ខណៈការតបណ្ដាញនៅក្នុងផ្ទះគឺជាបន្ទុករបស់ពលរដ្ឋ។

សម្តេចថ្លែងថា៖ «ភ្ជាប់អគ្គិសនីដល់របងផ្ទះអត់មានយកប្រាក់ទេ តែចាប់ពីកន្លែងហ្នឹង (របងផ្ទះ) ចូលដល់ក្នុងផ្ទះ ទាំងខ្សែភ្លើង ទាំងអំពូលភ្លើង យើងចេញលុយខ្លួនឯង»។​ ការមិនយកថ្លៃចរន្តនេះគឺអគ្គិសនីកម្ពុជាទទួលបន្ទុកចំណាយប្រមាណជាង ៦លានដុល្លារ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ មានដូចខាងក្រោម​៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានរុះរើលំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការឧបត្តម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ទាំងនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង។

– សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ និងតាមដងស្ទឹងសៀមរាប ខណៈដែលប្រជាពលរដ្ឋ ដែលធ្លាប់តាំងទីលំនៅ នៅតំបន់នោះ បានផ្លាស់មករកទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជ្រោមជ្រែង សម្របសម្រួល ដល់ប្រជាពលរដ្ឋបាន​មករស់នៅ និងតាំងទីលំនៅឋានថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក។

– សម្តេចតេជោ ហ៊ុន​​ សែន ថ្លែងថា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសាងសង់វត្តមួយនៅតំបន់អភិវឌ្ឍន៍រុនតាឯក ដោយមានការចូលរួមពីសប្បុរសជននានា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមចូលបុណ្យដើម្បីកសាងរបងវត្តនូវចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារអាមេរិកផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានពន្យល់សារជាថ្មីដល់ប្រជាពលរដ្ឋ ដែលយល់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការឱ្យពួកគាត់ រុះរើ លំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ ដើម្បីរក្សានិរន្តរភាពអង្គរក្នុងបញ្ជីបេតកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ គ្រាន់ជាថ្ងៃនៃការចាប់ផ្តើម នៃបេសកកម្មរបស់សម្តេច រយៈពេល៥ថ្ងៃ ៤យប់ ធ្វើដំណើរជុំវិញបឹងទន្លេសាប ក្នុងនោះមានខេត្ត សៀមរាប, បន្ទាយមានជ័យ,បាត់ដំបង, ពោធិ៍សាត់ និងកំពង់ឆ្នាំង ដើម្បីអន្តរាគមន៍បន្ទាន់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងតម្រូវការចាំបាច់នានា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែង​ដល់គ្រប់បក្សនយោបាយទាំងអស់ សូមកុំភ្ជាប់ខ្លួនជាមួយបុគ្គលទណ្ឌិតសម រង្ស៊ី បើមិនចង់មានបញ្ហាប្រឈមដល់ខ្លួនឯង នៃវិធានការតាមផ្លូវច្បាប់។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា កម្ពុជាបន្តការបោះឆ្នោតជាទៀតទាត់ តាមបែបប្រជាធិតេយ្យ សេរី ពហុបក្ស នឹងមិនមានការប្រែប្រួលនាពេលក្រោយៗនោះឡើយ លើកលែងតែមានជនខ្លះមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ឡើងកាន់អំណាចដោយហិង្សា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងដល់អ្នកដង្ហែតាមជនក្បត់ជាតិ សម រង្ស៊ី ដែលផ្តាច់ខ្លួនចេញពីបុគ្គលនោះ នឹងត្រូវស្នើដើម្បីលើកលែងទោស តែបើបន្តនៅជាមួយជននោះ(សម រង្ស៊ី) កុំសង្ឃឹមមានការស្នើលើកលែងលែងឱ្យសោះ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងដល់គណបក្សមួយនៅខេត្តសៀមរាប ដែលភ្ជាប់ខ្លួនជាមួយជនក្បត់ជាតិ ៣ជំនាន់ឈ្មោះ សម រង្ស៊ី សូមមានការប្រយ័ត្នប្រយែង ព្រោះសកម្មភាពរបស់ពួកគេទាំងនោះ រួមទាំងខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នា សម្តេចមានទាំងអស់ផ្ទុកនៅក្នុងទូរស័ព្ទដៃ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា​ ប្រជាពលរដ្ឋដែលយល់ព្រមរុះរើលំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ សូមចាកចេញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ត្រូវឈរលើគោលការណ៍នាយករដ្ឋមន្ត្រីចំនួន២ គឺ ទីតាំងថ្មីត្រូវបានឈូសឆាយរួចរាល់ និងមានអ្នកដឹកជញ្ជូនមកកាន់កន្លែងថ្មី។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ប្រជាពលរដ្ឋទាំងអស់ ទាំងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ទោះមានកម្រិតជីវភាពបែបណាក៏ដោយ ត្រូវបានទទួលប័ណ្ណក្រីក្រប្រភេទ១ និងត្រូវផ្តល់ជូនតាមអត្រាអ្នករស់នៅទីប្រជុំជនដូចៗគ្នា ដែលជាការជួយឧបត្តម្ភគាំទ្រពីរាជរដ្ឋាភិបាលជារៀងរាល់ខែ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលនាពេលនេះ សម្រាប់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នឹងត្រូវអនុបន្តដោយគ្មានអាក់ខាន ទោះជាថ្ងៃក្រោយមានការផ្លាស់ប្តូររដ្ឋបាល នៃការគ្រប់គ្រងក៏ដោយ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ផ្តល់ប័ណ្ណកម្មសិទ្ធិ(ប័ណ្ណរឹង)ដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីជាកេរដំណែលមួយសម្រាប់គ្រួសារ និងអាចឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមលទ្ធភាព ដែលអាចធ្វើទៅបាន ​ដូចជា៖ កម្ចីធនាគារជាដើម។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា របាយការណ៍សុខាភិបាលបានបញ្ជាក់ពីចំនួនសូន្យ(០)កូវីដ-១៩ នៅថ្ងៃទី២០ ខែតុលា ដែលត្រូវប្រកាសនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ដែលជាជោគជ័យធំធេងមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។

– សម្តេចតេជោ ហ៊ុន​​ សែន ថ្លែងសារជាថ្មីមិនអនុញ្ញាតឱ្យមានការសាងសង់ព្រះវិហារព្រះពុទ្ធសាសនាថ្មី , វិហារគ្រឹស្តថ្មី , វិហារឥស្លាមថ្មី ឬទីតាំងសាសនាផ្សេងៗថ្មីៗបន្ថែមទៀត នៅតំបន់រមនីយដ្ឋានអង្គរបានឡើយ តែអ្វីដែលមានចាស់ សូមរក្សានៅចំនួនប៉ុណ្ណោះដដែល។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅតែបញ្ជាក់រំលឹក ពីមូល​ហេតុ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​​ចាំបាច់​នេះ​ដោយ​សារ​តែ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ឆ្លើយ​តប​ឱ្យ​បាន​តាម​លក្ខខណ្ឌ​តម្រូវ​របស់​អង្គការ​យូណេស្កូ ដែល​កម្ពុជា​យើង​បាន​ចុះ​ប្រាសាទ​ និង​តំបន់​រមណីដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​តាំង​ពី​ឆ្នាំ១៩៩២ មក​ដើម្បី​អភិរក្សា​ថែរក្សាប្រាសាទអង្គរវត្ត ប្រសាទ​​ និង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​មរតក​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ជា​សកល​ដែល​បន្សល់​ទុក​ដោយ​បុព្វបុរស ដូចតាខ្មែរយើងរាប់ពាន់ឆ្នាំមកហើយនោះឱ្យគង់វង្ស។ សម្តេចបញ្ជាក់ថា គិត​ចាប់​ពី​ថ្ងៃ​ចាប់​ឆ្នោត​ដំបូង​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​រុ​នតា​ឯក​ជិត ៦ពាន់​គ្រួសារហើយ។

...

សូមបញ្ជាក់ថា ​គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនាថ្ងៃទី២៥ខែសីហា រហូតមកដល់ថ្ងៃទី២០តុលានេះ មានប្រជាពលរដ្ឋ៩.១៣៤គ្រួសារហើយដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីដ្ឋានអង្គរមករស់នៅតំបន់អភិវឌ្ឍន៍ថ្មី៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print