ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២០ ខែតុលាម្សិលមិញនេះ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ជនសង្ស័យឈ្មោះ ពេជ្រ រស្មី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះបួន ចាន់នី ភេទ ស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។
វត្ថុតាងដកហូត៖ ខ្សែកផ្លាកទីន ០១ខ្សែ, ខ្សែជើងផ្លាកទីន០១ខ្សែ, ក្រវិលផ្លាកទីនដាំត្បូងពណ៌ស០១គូ, បណ្ដោងខ្សែកផ្លាកទីនរូបព្រះដាំត្បូងពណ៌ស០១ និងត្បូងពណ៌ស០២។
គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ ដោយ៖សហការី