ភ្នំពេញ៖ ថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ជាការត្រៀមឆ្ពោះទៅការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នាពេលដ៏ខ្លីខាងមុខនេះ យើងបានជួបជុំគ្នា ផ្លាស់ប្តូរមតិយោបល់ជាមួយគ្នា និងដាក់ក្តីរំពឹងរួមគ្នា ចំពោះលទ្ធផលវិជ្ជមាន ដែលនឹងស្តែងចេញពីទិសដៅ និងយុទ្ធសាស្រ្តដ៏កាន់តែមុតស្រួចរបស់យើង ក្នុងបុព្វហេតុជាតិ និងមាតុភូមិ។
លោក ហ៊ុន ម៉ានី ថ្លែងបន្តថា ខ្ញុំបានអរគុណដល់សមាជិក សមាជិកា គណៈអចិន្ត្រៃយ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល សមាជិក សមាជិក ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បីឱ្យនិមិត្តសញ្ញា ស.ស.យ.ក. ក្លាយទៅជានិមិត្តសញ្ញា ដែលប្រជាពលរដ្ឋទទួលស្គាល់ និងអបអរសាទរ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ បើទោះបីជារយៈពេល ១០ ឆ្នាំចុងក្រោយនេះ ជារយៈពេលខ្លី ប៉ុន្តែសមិទ្ធផល ដែលស.ស.យ.ក. សម្រេចបាន មានច្រើនលើសលប់ ដែលនេះបានឆ្លុះបញ្ចាំងពីបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក. ក្នុងការចូលរួមជាមួយប្រទេសជាតិ ក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព៕ ដោយ៖ស តារា