ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០២២នេះថា៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រីបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីរសៀលថ្ងៃទី២០ ខែតុលាម្សិលមិញនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើម្បីជំរុញការវិនិយោគលើវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា ហើយនាំចេញអង្ករពីទៅកាន់ប្រទេសទីម័រឱ្យបានកាន់តែច្រើន។
ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ និង លោកបណ្ឌិត José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បន្ទាប់ពីមានកិច្ចជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ក្នុងជំនួបទ្វេភាគីនោះដែរ លោកបណ្ឌិត José Ramos-Horta បានថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះគាំទ្រទីម័រខាងកើត ជាពិសេសទៅលើវិស័យអភិវឌ្ឍ កសាងជាតិ ស្ថិរភាពសង្គម និងគាំទ្រសមាជិកភាពរបស់ទីម័រខាងកើត នៅក្នុងសហគមន៍អាស៊ាន ហើយថ្មីៗនេះទៀត ក៏បានឧបត្ថម្ភដល់ទីម័រនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងគ្រឿងបរិក្ខាផ្សេងទៀតផងដែរ។
ជាការឆ្លើយតប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ភាគីទីម័រខាងកើត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹកកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងកិច្ចជំរុញការនាំចេញអង្កររវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យប្រទេសទីម័រជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលទើបតែចុះហត្ថលេខារួចហើយ និងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យសន្តិសុខ ផងដែរ។
បន្ថែមពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ភាគីទីម័រខាងកើត ឱ្យបន្តជំរុញឱ្យមានវិនិយោគិនមកកម្ពុជាបន្ថែមទៀតលើវិស័យ កសិកម្ម ដូចជាម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត និងជំរុញការនាំចេញស្រូវពីកម្ពុជាទៅទីម័រខាងកើត ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះ លោកប្រធានាធិបតី ដែលបានជាប់ឆ្នោត និងកាន់តំណែងប្រធានាធិបតីជាលើកទី២៕ ដោយ៖សហការី