ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តនៅខែបន្ទាប់ ដោយមានការចូលរួមពីលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន, លោក-លោកស្រីនាយរងការិយាល័យ, លោកអធិការរង និងលោក-លោកស្រី នាយផ្នែកប្រឆាំងគ្រឿងញៀន ទាំង១៤ខណ្ឌ។
ក្នុងកិច្ចប្រជុំនោះដែរ លោកស្នងការរង ក៏បានណែនាំឲ្យតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ អនុវត្តន៍ផែនការវិធានការផ្សព្វផ្សាយអប់រំ, វិធានការរដ្ឋបាល, វិធានការអនុវត្តច្បាប់ និងអនុវត្តសេចក្តីសម្រេចលេខ០៣៦សសរ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបជូនថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃយប់ បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេននីមួយៗចូលរួមប្រជុំជួរ ដើម្បីត្រៀមអន្តរាគមន៍ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕ ដោយ៖សហការី