ភ្នំពេញ : នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, កាលពីរសៀលថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០២២ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម ត្រូវបានអញ្ជើញថ្លែងសន្ទរកថា និងធ្វើបទបង្ហាញផ្សព្វផ្សាយស្តីអំពី ច្បាប់វិនិយោគថ្មីកម្ពុជា ក្នុងសិក្ខាសាលាធុរៈកិច្ច រៀបចំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (Cambodia Private Commercial Center) នៅ Atsugi ខេត្ត Kanagawa ដែលមានអ្នកចូលរួមជាធុរៈជន ពាណិជ្ជករ សហគ្រាសធុនតូច និងមធ្យម SMEs មកពីខេត្តKanagawa និងតំបន់ជិតខាង ប្រមាណជា ៧០នាក់។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបន្តថា, ក្រៅអំពីច្បាប់វិនិយោគថ្មី អង្គសិក្ខាសាលាក៏មានវាគ្មិន ២រូបផ្សេងទៀតគឺលោក Keisuke Tanaka តំណាង Japan Cambodia Association (JCA) និងលោក Hideo Kohyama អគ្គនាយកក្រុមហ៊ុនជប៉ុន Forval Corporation ធ្វើបទបង្ហាញអំពីកំនើនការវិនិយោគ និងពាណិជ្ជកម្មជប៉ុន មកកម្ពុជា រួមទាំងបទពិសោធន៍ល្អៗ ដើម្បីទាក់ទាញជំរុញវិនិយោគិនជប៉ុនឱ្យកើនឡើងថែមទៀត៕
ដោយ : សិលា