រហូតមកដល់ពេលនេះគ្រាប់ពូជ ៧ពាន់តោន ត្រូវបានរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋរងគ្រោះពីទឹកជំនន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា, រហូតមកដល់ពេលនេះគ្រាប់ពូជស្រូវជាង ៧ពាន់តោនត្រូវបានបញ្ជូនទៅចែកជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីចែកពូជស្រូវនិងស្បៀងជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារនៅក្នុងខេត្តបាត់ដំបង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានឱ្យដឹងថា, រហូតមកដល់ពេលនេះគឺមានខេត្ត២០ ក្នុងចំណោម២៥ បានរងគ្រោះទឹកជំនន់ទឹកភ្លៀងដែលមានមួយចំនួនរងគ្រោះធ្ងន់ធ្ងរ។ ដោយហេតុនេះរដ្ឋាភិបាលបានបញ្ជូនគ្រាប់ពូជចែកដល់ពលរដ្ឋដែលអាចដើម្បីចូលរួមជួយទៅដល់ការស្ដាររបស់ពលរដ្ឋ។

សម្ដេចតេជោថា៖ «(នៅបាត់ដំបង) យើងដោះស្រាយមួយម៉ឺនគ្រួសារហើយការដោះស្រាយនេះគឺដោះស្រាយចំពោះអ្នកដែលមានលទ្ធភាពស្ដារឡើងវិញ»។

បន្ថែមលើសពីនេះសម្ដេចតេជោបន្ថែមថា រដ្ឋាភិបាលនឹងចែកនូវពូជដំណាំផ្សេងៗដើម្បីចែកជូនដល់ពលរដ្ឋធ្វើការដាំដុះផងដែរ ដោយថាការធ្វើបែបនេះគឺដើម្បីជួយកាត់បន្ថយការលំបាករបស់ប្រជាជន។

សម្ដេចតេជោបានបញ្ជាឲ្យ ក្រសួងកសិកម្មសហការជាមួយអាជ្ញាធរដែនដីដើម្បីពិនិត្យមើលពីទិដ្ឋភាពចែកចាយពូជដំណាំផ្សេងពីស្រូវដល់ពលរដ្ឋរងគ្រោះផងដែរ។
តាមរបាយការណ៍របស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារ គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។

លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជា ពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត១៦.២១៩ ហិកតា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print