ភ្នំពេញ ៖ ពិតជាអាណោចអាធ័មខ្លាំងណាស ខណៈដែលបុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កតាមដងផ្លូវត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍បើកទៅបុកហើយបន្តទៅបុកអ្នកជិះម៉ូតូគុបជ្រុងមួយគ្រឿងទៀតបណ្ដាលឱ្យអ្នកបើកម៉ូតូបង្កហេតុបែកលលាដ៏ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯអ្នកជិះម៉ូតូគុបជ្រុងរងបួសធ្ងន់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង ២០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ លឹម សង្ហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមុខរបរបើករ៉ឺម៉កម៉ូតូ មានទីលំនៅនៅភូមិដំណាក់ឈ្នួល ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ ចំណែកជនរងគ្រោះដែលរបួសធ្ងន់និងជាម្ចាស់ម៉ូតូម៉ាកហុងដាគុបជ្រុង មានឈ្មោះ ជា ប៊ុនរិទ្ធ អាយុ៣៨ ឆ្នាំ មុខរបរជាមន្ត្រីរាជការ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូសណ្ដោងរ៉ឺម៉កតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកេីតហេតុក៏មានបុរសម្នាក់បានបើករថយន្តក្រឡុកស៊ីម៉ងត៍មិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយក្នុងល្បឿនរួចក៏កៀរម៉ូតូសណ្ដោងរ៉ឺម៉ក ហើយម៉ូតូសណ្ដោងរ៉ឺម៉កបានរេចង្កូតជ្រុលទៅបុកជាមួយបុរសម្នាក់ទៀតដែលជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌សម្បកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 1L-1768 នៅខាងស្ដាំដៃបណ្ដាលឲ្យអ្នកជិះម៉ូតូម៉ាកហុងដាគុបជ្រុង រងរបួសធ្ងន់ ។ ចំណែកអ្នកជិះម៉ូតូសណ្ដោងរ៉ឺម៉កបានបោកក្បាលជាមួយនឹងរានរ៉ឺម៉ក បណ្ដាលឲ្យបែកលលាដ៏ក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រីឯរថយន្តក្រឡុកស៊ីម៉ងត៍ បានបើកគេចខ្លួនបាត់ស្រមោលទៅ។
ក្រោយពេលកើតហេតុ ជនរងគ្រោះម្ចាស់ម៉ូតូម៉ាកហុងដាគុបជ្រុងដែលរងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានចុះមកសហការជាមួយនិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងយកម៉ូតូម៉ាកហុងដាគុបជ្រុងនិងម៉ូតូសណ្ដោងរ៉ឺម៉កប្រគល់ឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តនាពេលក្រោយ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ