សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះបានផ្សាយថា ខ្មាន់កាំភ្លើងអាយុ១៩ឆ្នាំម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ នៅវិទ្យាល័យមួយកន្លែងក្នុងទីក្រុង St. Louis នៃរដ្ឋមីសស៊ូរី (Missouri) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃ២៤ខែតុលា(ពេលវេលាអាមេរិក) ផ្តាច់ជីវិតមនុស្ស២នាក់ និងបង្កឱ្យរបួស៧នាក់ផ្សេងទៀត មុនពេលជនសង្ស័យរូបនោះត្រូវបានក្រុមមន្រ្តីប៉ូលិសបាញ់សម្លាប់។
លោក Mike Sack ស្នងការប៉ូលិសទីក្រុងសេនលូវីស បានសន្និដ្ឋានជាបឋមថា ជនសង្ស័យប្រហែលមានជំងឺផ្លូវចិត្ត។ បើតាមលោក ស៊ែក ខ្មាន់កាំភ្លើង ប្រដាប់ដោយកាំភ្លើងវែងរ៉ាហ្វាល់ មួយដើម ខណៈដែ់លប៉ូលិសបានបាញ់តតាំងគ្នាជាមួយជនសង្ស័យ ក្រោយពីជននេះសម្រុកចូលក្នុងសាលារៀន ហើយខ្មាន់កាំភ្លើងត្រូវបានបាញ់ស្លាប់នៅរយៈពេល១៥នាទី ក្រោយធ្វើសកម្មភាពបាញ់សម្លាប់មនុស្សបានចាប់ផ្តើម។
ជនសង្ស័យត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា មានឈ្មោះ Orlando Harris អាយុ១៩ឆ្នាំ ដែលបានបញ្ចប់ការសិក្សាពី សាលារៀនកើតហេតុកាលពីឆ្នាំ២០២១ ហើយមិនដែលមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋណាមួយនាពេលកន្លងមកឡើយ។ សម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិតវិញ គឺជាគ្រូបង្រៀនអាយុ៦១ឆ្នាំម្នាក់ និងជាក្មេងស្រីអាយុ១៦ឆ្នាំម្នាក់។ ចំណែកក្មេងជំទង់៤នាក់ទៀតបានរងរបួសដោយសារគ្រាប់កាំភ្លើង ខណៈដែល៣នាក់បានរងរបួសផ្សេងក្នុងអំឡុងពេលចលាចល៕ ដោយធីរីណា
រូបថត : Apnews.com