ភ្នំពេញ: យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលបុកជាមួយរថយន្តព្រូសមិនចាំស្លាកលេខបានបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១ និង៤០ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុប២០០៤ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ដាញ់ ប៉ង់ ភេទប្រុសអាយុ២១ ឆ្នាំ មុខរបរជាងដេគ័រ មានស្រុកកំណើតនៅភូមិដក់ពរ ឃុំបឹងត្រាញ់ ស្រុកសំរោងទងខេត្តតាកែវ។ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ហេង ភេទប្រុស ១៩ឆ្នាំ មុខរបរជួយលក់ដូរឪពុកម្ដាយនៅផ្ទះ មានស្រុកកំណើតភូមិ ឃុំ ជាមួយគ្នា។
តាមសម្ដីមិត្តភក្កិបានប្រាប់ឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ និងមិត្តភ័ក្តមានស្រីមានប្រុសជាច្រើននាក់ ជិះម៉ូតូ ៥ ទៅ ៦ គ្រឿង ចេញពីស្រុកកំណើតនាំគ្នាមកចូលក្លឹបមួយកន្លែងនៅភ្នំពេញ ម្ដុំផ្សារដីហុយ លុះដល់ម៉ោងកើតហេតុខាងលើក៏នាំគ្នាជិះម៉ូតូទៅស្រុកកំណើតវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច ដោយមិត្តភក្តិប្រុសស្រីជាច្រើននាក់បានជិះម៉ូតូ ហួសទៅមុន ចំណែកជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ C-125 ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AC-2732 មកតាមក្រោយ លុះដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកជាមួយរថយន្តព្រូសមួយគ្រឿងមិនចាំស្លាកលេខ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ ២០១១ ឆ្លងទៅផ្លូវ ២០៤៤ ក្នុងទិសដៅពីជើងទៅត្បូង ចំពីហៀងរថយន្តខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ស្លាប់ម្នាក់នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត បានបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកកញ្ចក់រថយន្តមើលក្រោយមួយចំហៀងនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសុំឲ្យតែកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុរួចធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបណ្ដោះអាសន្ន រងចាំប្រគល់ជូនវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ