ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២នេះថា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី៖ ការរៀបចំវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិប “រំលឹកឡើងវិញនូវដំណើរនៃអាសិប និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀងអាសិប ក្រោមមូលបទ៖ ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់”។
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ានិងអាស៊ាន (ERIA) និងលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសិក្សាស្រាវជ្រាវ វិស័យសាធារណៈ និងឯកជន ព្រមទាំងបណ្តាញសារព័ត៌មាន ជ្រាបថា ស្ថាប័នទាំងបីសហការគ្នារៀបចំវេទិកាជាន់ខ្ពស់មួយស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រម ព្រៀងអាសិប៖ “រំលឹកឡើងវិញនូវដំណើរនៃអាសិប” និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្ដីពីកិច្ចព្រមព្រៀងអាសិប ក្រោមមូលបទ “ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់ ដែលនឹងប្រព្រឹត្ត ទៅពី ថ្ងៃពុធ-ព្រហស្បតិ៍ ៩-១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
វេទិកាដ៏ពិសេសនេះ នឹងមានការចូលរួមបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចនឹងផ្តល់សុន្ទរកថាគន្លឹះ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការអនុវត្តកិច្ចព្រម ព្រៀងអាសិប (RCEP) ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិបនេះកាន់ត មានសារសំខាន់ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចាយ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ ណែនាំកំណត់ដោយសេចក្ដីថ្លែងការណ៍រួមស្ដីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងវេទិកានេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ Hidetoshi Nishimura នឹងប្រគល់ជូន សម្តេចតជោ នាយករដ្ឋមន្ត្រី នូវសៀវភៅចំនួនពីរក្បាលរបស់វិទ្យាស្ថាន ERIA មានដូចជា (១) “ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាស៊ប ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់ និង (២) “ផែនការអភិវឌ្ឍតំបន់អាស៊ីគ្រប់ជ្រុងជ្រោយ (CADP) ៣០៖ ឆ្ពោះទៅកាន់ សេដ្ឋកិច្ចដែលមានសមាហរណកម្ម នវានុវត្តន៍ បរិយាប័ន្ន និងនិរន្តរភាព”។ វេទិកានេះក៏នឹងមានកិច្ចពិភាក្សាកម្រិតខ្ពស់មួយ កិច្ចពិភាក្សា កម្រិតតួអង្គពាក់ព័ន្ធមួយ ព្រមទាំងកិច្ចពិភាក្សាបច្ចេកទេសមួយទៀត ដែលនឹងបកស្រាយលម្អិតអំពីជំពូកសំខាន់ៗនៅក្រោមកិច្ចព្រម ព្រៀងនេះ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសិក្សាស្រាវជ្រាវ និងវិស័យសាធារណៈឯកជន ទទួល ជ្រាបជាព័ត៌មាន និងសូមបណ្តាសារព័ត៌មានចូលរួម និងផ្សព្វផ្សាយពីលទ្ធផលនៃវេទិកាដ៏មានសារសំខាន់នេះ ឱ្យបានទូលំទូលាយ តាមដែលអាចធ្វើទៅបាន៕ ដោយ៖សហការី