“រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត”

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦​ ខែ តុលា​ ឆ្នាំ ២០២២នេះ​ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម​ ក្រោមប្រធានបទ​ “រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត”​ ដោយបានការអញ្ជេីញចូលរួមជាអធិបតីភាពពីលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា​ ។ កម្មវិធីនេះមានការអញ្ជេីញចូលរួមពីលោក​ លោកស្រីជាមន្ត្រីប្រតិបត្តិសាខា​ អនុសាខា​ ប្រជាការពារ​ អ្នកស្មគ្រ័ចិត្ត​ និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា​ សរុបចំនួន១២០នាក់​ ។

ជាកិច្ចចាប់ផ្តេីម​ លោកស្រី​ ហង្ស​ ណាវី​ ប្រធានការិយាល័យសុខភាព​ បានឡេីងមា​នមតិស្វាគមន៍​ និងជម្រាបពីការប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមនេះ​ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ជ្ឈមណ្ឌលជំនួយសង្គ្រោះបឋម សហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម​ ដែលនៅឆ្នាំ២០២២នេះ យើងកំពុងដាក់ចេញនូវសារៈសំខាន់នៃការរៀនវិជ្ជាសង្រ្គោះបឋមពេញមួយជីវិត មិនថាអាយុប៉ុន្មានទេ ការមានជំនាញ និងចំណេះដឹងវិជ្ជាសង្រ្គោះបឋមជួយបង្កើតសហគមន៍ឱ្យមានសុវត្ថិភាព និងមានសុខភាពល្អ​ ។ កុមារ មនុស្សពេញវ័យ ឬមនុស្សចាស់ គួរតែអាចទទួលបានការបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមប្រកបដោយគុណភាព​ ។

តមកក្រុមប្រជាការពារ​ អ្នកស្មគ្រ័ចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ បានឡេីងសម្តែងនិងបង្ហាញពីរបៀបជួយសង្គ្រោះបឋមជូនដល់អង្គពិធីដូចជា​ បាក់ឆ្អឹង​ ស្លាក់​ ការធ្វេីចលនាដង្ហេីម​ និងបេះដូង​ ។ ល។

មានមតិនាឱកាសបិទកម្មវិធី​ ក្នុងនាម លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់អង្គពិធីទាំងមូលប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានគូសបញ្ជាក់ថា៖​ ជារៀងរាល់ឆ្នាំ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានបណ្តុះបណ្តាលមនុស្សជាង២៣លាននាក់ ក្នុងនោះមានទាំងកាកបាទក្រហមកម្ពុជាយេីងផងដែរ​ ដើម្បីជួយសង្គ្រោះជីវិតតាមរយៈវិជ្ជាសង្រ្គោះបឋម​ ហេីយការសង្រ្គោះបឋមគឺជាផ្នែកសំខាន់មួយនៃវិធីសាស្រ្តអភិវឌ្ឍន៍ដ៏ទូលំទូលាយនៅក្នុងក្របខ័ណ្ឌនៃគោលបំណងរបស់ IFRC និងយុទ្ធសាស្រ្តសកល២០៣០ ដែលមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ ចំនួនអ្នកស្លាប់ អ្នកជំងឺ និងការបង្កើនសមត្ថភាពរបស់សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល​ ។ ជារៀងរាល់ឆ្នាំ ទិវាពិភពលោកសង្រ្គោះបឋម (WFAD) លើកកម្ពស់លទ្ធភាពទទួលបានចំណេះដឹងអំពីវិជ្ជាសង្រ្គោះបឋម និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃវិជ្ជាសង្រ្គោះបឋម ហេីយទិវាពិភពលោកសង្រ្គោះបឋម ក៏ផ្តល់ឱកាសមួយសម្រាប់សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងអង្គការផ្សេងទៀតដើម្បីបង្ហាញពីតួនាទីសំខាន់របស់ពួកគេក្នុងការផ្តល់នូវការបណ្តុះបណ្តាល និងជំនាញសង្រ្គោះបឋមដែលមានគុណភាពខ្ពស់ដើម្បីជួយសង្គ្រោះជីវិតជុំវិញពិភពលោក​ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print