ខេត្តបាត់ដំបង៖ បេីយោងតាមបញ្ជាក់ពីលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី បទល្មើសជាក់ស្តែង ឃាត់ខ្លួនមនុស្សចំនួន៣នាក់។
លោកអធិការស្រុក បានឱ្យដឹងទៀតថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៥ ខែតុលាម្សិលមិញនេះ ស្ថិតនៅចំណុចភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនសង្ស័យដែលឃាត់ខ្លួន ០៣នាក់នេះរួមមាន៖ ១.ឈ្មោះ រឿត សម្បត្តិ ហៅកញ្ចុះ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ២.ឈ្មោះ យឿប សៅដា ហៅ យុយ ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង និង៣.ឈ្មោះ យឿប ចាន់លី ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន ៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់។-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន។-សម្ភារះពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។-ទូរស័ព្ទដៃ ០១គ្រឿង។-ថេបលេត ០១គ្រឿង ។
ករណីនេះ ជនសង័្សយទាំង០៣នាក់រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកបាណន់ កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕ដោយអរុណរះ